ទំហំពាណិជ្ជកម្មទ្វេភាគី រវាង កម្ពុជា – សហរដ្ឋអាមេរិក ឈានចូលទំហំទឹកប្រាក់ដល់ទៅ តម្លៃ ២,៨៩ ពាន់លានដុល្លារ នៅត្រឹមឆមាសទី១ នៃឆ្នាំ២០២០ ដែលតួរលេខមានការ កើនឡើង ១៥,៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
តួលេខពីការិយាល័យស្ថិតិសហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ ២,៧៥ ពាន់លានដុល្លារទៅកាន់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកដែលកើនឡើង ២៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ម៉្យាងវិញទៀតប្រទេសកម្ពុជាបានចំណាយថវិកាចំនួន ១៤៤,៦ លានដុល្លារអាមេរិកលើការនាំចូលពីសហរដ្ឋអាមេរិកដែលទិន្នន័យនេះមានការថយចុះគួរឱ្យកត់សម្គាល់គឺ ៤៥ %។
គិតត្រឹមក្នុងខែមិថុនាកន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីមានចំនួន ៤០៧,៣ លានដុល្លារក្នុងនោះ ៣៨៨ លានដុល្លារគឺជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។ ហើយទំនិញដែល កម្ពុជាបាននាំចេញ មានដូចជា វាយនភណ្ឌស្បែកជើង ទំនិញធ្វើដំណើរ និង ផលិតផលកសិកម្មទៅកាន់សហរដ្ឋអាមេរិក ហើយបាននាំចូលមកវិញ នូវយានយន្ត ចំណីសត្វ និង គ្រឿងម៉ាស៊ីន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះថា កម្មវិធីអនុគ្រោះពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក – ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) មកកាន់ប្រទេសកម្ពុជាបានទាក់ទាញរោងចក្រកាន់តែច្រើនមកកម្ពុជា។ ហើយកំណើននៃការនាំចេញទំនិញគឺដោយសារ GSP និង តម្រូវការ កាបូបធ្វើដំណើរ ស្បែកជើង និង ក្រណាត់ស្បែក ដូច្នេះមានរោងចក្រជាច្រើនបានបើកដំណើរ ។
យោងតាមរបាយការណ៍របស់ធនាគារជាតិ ការនាំចេញសរុបរបស់កម្ពុជាបានកើនឡើងដល់ ៧ ពាន់លានដុល្លារក្នុងឆមាសទី ១ នៃឆ្នាំនេះ ពោលគឺកើនឡើងជិត ៣ ភាគរយខណៈការនាំចូលសរុបរបស់ខ្លួនបានថយចុះ ៥,២ ភាគរយស្មើនឹង ១០,១៤៦ លានដុល្លារអាមេរិក។
ដោយ៖ Stince
ប្រភព៖AKP