
ដោយៈ ទិន សុខាវុធ
ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទិញសិទ្ធិពីក្រុមហ៊ុន
CINTRI មកវិញ
ក្នុងការប្រមូលសំរាមនៅក្នុងទីក្រុងភ្នំពេញ ប្រជាពលរដ្ឋជាច្រើនបានអបអរសាទរ
ព្រមទាំងសង្ឍឹមថា ក្រុមហ៊ុនថ្មីៗទៀតនឹងមានសមត្ថភាពជាងក្រុមហ៊ុន CINTRI
ក្នុងការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។
មួយវិញទៀត ប្រជាពលរដ្ឋបានទទូចអោយរាជរដ្ឋាភិបាល
ធ្វើយ៉ាងណាអនុញ្ញាតអោយក្រុមហ៊ុនផ្សេងៗទៀត អាចចូលរួមដេញថ្លៃប្រមូលសំរាម
ប្រកបដោយតំលាភាព។
ការប្រកាសទិញសិទ្ធិពីក្រុមហ៊ុន CINTRI មកវិញនេះ
ត្រូវបានលោកនាយករដ្ឋមន្ត្រីធ្វើឡើង កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និសិត្សជាង ៤,០០០ នាក់ មកពីសាកលវិទ្យាល័យ Build Bright នៅរាជធានីភ្នំពេញ។
យោងតាមសម្តេច ហ៊ុន សែន បន្ទាប់ពីការទិញសិទ្ធិប្រមូលសំរាមយកមកវិញ
រាជរដ្ឋាភិបាលត្រូវទទួលកាន់កាប់សិទ្ធិនេះជាបណ្តោះអាសន្នសិន
មុននឹងត្រូវដាក់អោយក្រុមហ៊ុនផ្សេងៗទៀតដេញថ្លៃយកសិទ្ធិនេះទៅធ្វើអាជីវកម្ម។
ហើយសិទ្ធិនេះនឹងត្រូវប្រគល់អោយទៅក្រុមហ៊ុនយ៉ាងតិចពី ៣ ទៅ ៤ ក្រុមហ៊ុន ក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញអោយធ្វើការសិក្សា
ទៅលើលទ្ធភាពបង្កើតរោងចក្រផលិតថាមពលអគ្គិសនីពីសំរាមផងដែរ
ក្នុងគោលដៅជួយកាត់បន្ថយបរិមាណសំរាមនៅទីក្រុងភ្នំពេញ។
ទាក់ទងនឹងរឿងនេះ កន្លងមក ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មិនពេញចិត្តនឹងសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន CINTRI ឡើយ។ ព្រោះជារឿយៗ គេសង្កេតឃើញមានការកកស្ទះសំរាម ស្ទើរគ្រប់ទីកន្លែងទាំងអស់ បណ្តាលមកពីក្រុមហ៊ុន CINTRI ត្រូវអាក់ខានក្នុងការប្រមូលសំរាម ដោយមកពីបុគ្គលិកនិងកម្មករធ្វើកូដកម្មជាដើម។
មួយវិញទៀត ការប្រមូលសំរាមរបស់ក្រុមហ៊ុន CINTRI មិនត្រឹមត្រូវតាមស្តង់ដារអនាម័យនោះទេ ព្រោះគេតែងតែឃើញមានទឹកស្អុយកខ្វក់ហូរចេញពីសំរាម ស្រក់ចេញពីរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន នៅតាមផ្លូវ នៅពាសពេញរាជធានីភ្នំពេញ៕
