We TV Cambodia

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ត្រូវបានសង្គ្រោះ តែផលដំណាំរបស់ពួកគាត់មិនទាន់មានការសង្គ្រោះទេ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ត្រូវបានសង្គ្រោះ តែផលដំណាំរបស់ពួកគាត់មិនទាន់មានការសង្គ្រោះទេ

ក្នុងខណៈដែលទឹកជំនន់កំពុងវាយលុកខ្លាំងស្ទើរទូទាំងប្រទេស ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងស្រែចំការរបស់ប្រជាពលរដ្ឋជាច្រើនត្រូវបានជន់លិច និងរងការខូចខាតអស់យ៉ាងច្រើនផងដែរ។ ប៉ុន្តែយ៉ាងណា ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះទាំងអស់ក៏ត្រូវបានជួយសង្គ្រោះ និងជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាពផងដែរ។

យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែតុលា ម្សិលមិញនេះ ប្រជាពលរដ្ឋប្រមាណជាង ៤ម៉ឺននាក់ហើយត្រូវបានជម្លៀសចេញពីតំបន់ទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព។

ទោះជាយ៉ាងណា ក្នុងខណៈដែលប្រជាពលរដ្ឋទាំងអស់ត្រូវបានជួយសង្គ្រោះ ដីស្រែចំការ និងផលដំណាំរបស់ពួកគាត់វិញក៏ត្រូវបានជន់លិចគ្មានសល់ផងដែរ ប៉ុន្តែមិនទាន់មានការសង្គ្រោះ ឬការអន្តរាគមន៍ណាមួយចេញជាផ្លែផ្កានៅឡើយទេ ខណៈដែលផលដំណាំទាំងអស់នេះប្រៀបស្មើនឹងជីវិតរបស់ពួកគាត់ដូច្នេះដែរ។ លើសពីនេះទៅទៀត ប្រជាកសិករជាច្រើនទើបតែបានជួយបញ្ហា ដោយសាររងផលប៉ះពាល់ដោយសារកូវីដ១៩ ធ្វើឲ្យផលដំណាំមានការធ្លាក់ថ្លៃ និងពិបាកក្នុងការនាំចេញជាដើម។

សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ធ្លាប់បានអំពាវនាវដល់សមាជិករបស់ខ្លួនទាំងអស់ឲ្យជួយប្រមូលទិញស្រូវសើមរបស់កសិកម្មក្នុងតម្លៃសមរម្យផងដែរ ប៉ុន្តែគិតមកទល់ពេលនេះ មិនទាន់ឃើញមានការបញ្ជាក់ណាមួយពីសហព័ន្ធស្រូវអង្ករថាបានប្រមូលទិញស្រូវសើមពីពលរដ្ឋហើយ ឬនៅ និងប្រមូលទិញក្នុងតម្លៃប៉ុន្មាន ហើយទិញបានប៉ុន្មានតោននោះទេ។

អត្ថបទដោយ៖ Nevin

Related Articles