
កាលពីថ្ងៃពុធកន្លងទៅ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងតំបន់ Gowa មានការរៀបចំប្រារព្ធពិធីបែបសាសនា ដែលមានអ្នកចូលរួមរហូតទៅដល់ ជាង៨ពាន់នាក់ មកពីបណ្ដាប្រទេសផ្សេងៗក្នុងទ្វីបអាស៊ី។ ការប្រមូលផ្ដុំរៀបចំ ពិធីបែបសាសនាដ៏ធំនេះគឺជាលើកទី២ហើយ បន្ទាប់ពីប្រទេសម៉ាឡេស៊ី ដោយមិនខ្លាចរអានៃការឆ្លងរាលដាលវីរុស Covid-19 ។
យោងតាមការលើកឡើងរបស់អ្នករៀបចំ និង មន្ដ្រីអាជ្ញាធរ នៅតំបន់នោះបានបញ្ជាក់ថា ការរៀបចំពិធីបែបសាសនាមួយនេះ គឺមានលក្ខណៈធំ ហើយមានប្រជាប្រិយភាពខ្លាំង លំដាប់ទី៤ លើពិភពលោក ហើយការប្រារព្ធពិធីនេះ ទៀតសោធ នៅតែអាចប្រព្រឹតទៅបាន បើទោះបីជាមានការហាមឃាត់ ពីមន្ដី្ររដ្ឋាភិបាល ឥណ្ឌូណេស៊ីក៏ដោយ។
បើតាមការដកស្រង់សម្តីលោក Mustari Bahranuddin អ្នករៀបចំកម្មវិធីជួបជុំបែបសាសនានេះ បានលើកឡើងថា ពួកគេពិតជាខ្លាចឆ្លងរាតត្បាតវីរុស Covid-19 ហើយ ប៉ុន្តែអ្វីពួកគេខ្លាចជាងនេះ គឺព្រះជាម្ចាស់។ដោយសារយើងសុទ្ធតែជាមនុស្សធម្មតា គ្រប់គ្នាប្រាកដជាខ្លាចឈឺ ខ្លាចស្លាប់ ប៉ុន្តែក្រៅពីរាងកាយ នៅមានរឿងមួយទៀត គឺព្រលឹងរបស់ពួកយើង។
ប៉ូលិសឥណ្ឌូណេស៊ី លោកArifuddin Saeni បានបញ្ជាក់ថា អាជ្ញាធរបានស្នើឲ្យពន្យារពេលការជួបជុំនេះ ប៉ុន្តែត្រូវអ្នករៀបចំកម្មវិធីបដិសេធចោល។
កម្មវិធីជួបជុំបែបសាសនាដ៏ធំនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងមានអ្នកចូលរួមសរុប ៨៦៩៥នាក់ ខណៈដែនៅមាន ពលរដ្ឋម៉ូស្លីមជាច្រើនទៀត កំពុងធ្វើដំណើរមកចូលរួមជាបន្តបន្ទាប់ មានដូចជា ប្រទេសថៃ អារ៉ាប់រួម ឥណ្ឌា និងហ្វីលីពីនជាដើម។
គូសបញ្ជាក់ផងដែរថា កាលពីពេលកន្លងមក ក៏មានការរៀបចំពិធីជួបជុំបែបសាសនាម៉ូស្លីមដ៏ធំ ស្រដៀងគ្នាមួយ បានប្រារព្ធធ្វើនៅប្រទេសម៉ាឡេស៊ី មានអ្នកចូលរួមសរុប ១៦០០០នាក់ ដែលជាកន្លែងធ្វើឲ្យមានការឆ្លងរាតត្បាតវីរុស Covid-19 រាប់រយករណីទាំងក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងកម្ពុជាជាដើម។
ដោយ៖ Stince
ប្រភព៖ក្រៅស្រុក
