We TV Cambodia

ពលរដ្ឋខ្មែរម្នាក់នៅសហរដ្ឋអាមេរិក ទទួលមរណភាពដោយសារតែ ជំងឺកូវីដ ១៩

ពលរដ្ឋខ្មែរម្នាក់នៅសហរដ្ឋអាមេរិក ទទួលមរណភាពដោយសារតែ ជំងឺកូវីដ ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ ស្រ្តីជាជនជាតិខ្មែរម្នាក់នៅសហរដ្ឋអាមេរិក ទទួលមរណភាពដោយសារតែ ជំងឺកូវីដ ១៩ ។ លោកស្រី នុត ឈុនហ៊ាង ជាមាតារបស់លោកឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន Amru Rice Cambodia បានទទួលមរណភាពកាលពីថ្ងៃទី ២២ ខែមីនា នៅសហរដ្ឋអាមេរិកដោយសារតែការឆ្លង វ៉ីរ៉ុស កូវីដ ១៩។

លោកស្រី នុត ឈុនហ៊ាង គឺជាពលរដ្ឋខ្មែរទី១ ដែលបានទទួលអនិច្ចកម្មដោយសារតែជំងឺនកូវីដ១៩  នៅអាយុ ៦៥ឆ្នាំ នៅទីក្រុង Seattle រដ្ឋ Washington State ។ដោយមុនទទួលអនិច្ចកម្ម លោកស្រីបានសំរាកនៅមន្ទីរពេទ្យរយៈពេលបីសប្ដាហ៍ផងដែរ ។

ភរិយាលោក សុង សារ៉ន បានអោយដឹងថា ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកមានមនុស្សធម៍ណាស់ ដោយនៅនាទីចុងក្រោយ គ្រូពេទ្យរៀបចំអោយក្រុមគ្រួសារនៅស្រុកខ្មែរអាចមើលឃើញអ្នកជំងឺជាចុងក្រោយ និងបានឲ្យ អ្នកជំងឺទទួលព្រះធម៍តាមរយះទូរស័ព្ទដែលស្មូតចេញពីទីក្រុងភ្នំពេញ។

លោក សុង សារ៉ន បានឲ្យដឹងថា ដោយសារតែការរីករាលដាលជំងឺដ៏កាចសាហាវនេះ នៅជុំវិញពិភពលោក លោកនិងក្រុមគ្រួសារមិនអាច ទៅបុណ្យសពម្តាយនៅអាមេរិកបានទេ បានត្រឹមធ្វើបុណ្យតាមបែបសាសនា នៅស្រុកកំណើត ខណៈដែលនៅសហរដ្ឋអាមេរិកក៏ដូច្នេះដែរ ការធ្វើបុណ្យត្រូវបានរៀបចំឡើងដោយកំណត់ចំនួនមនុស្ស។

សូមបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ពីស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិកនៅឡើយទេអំពីការទទួលមរណៈភាពរបស់ស្រ្តីជនជាតិខ្មែររូបនេះ៕

Related Articles