We TV Cambodia

ពលរដ្ឋកម្ពុជាហាក់មានការធ្វេសប្រហែសនឹង COVID-19 ខណៈពេលនេះចំនួនអ្នកឆ្លងបានកើនដល់ជាង ៦លាននាក់ និងស្លាប់ជាង ៣៧ម៉ឺននាក់នៅទូទាំងពិភពលោក

ពលរដ្ឋកម្ពុជាហាក់មានការធ្វេសប្រហែសនឹង COVID-19 ខណៈពេលនេះចំនួនអ្នកឆ្លងបានកើនដល់ជាង ៦លាននាក់ និងស្លាប់ជាង ៣៧ម៉ឺននាក់នៅទូទាំងពិភពលោក
ស្ថានភាពប្រជាជនកម្ពុជាក្នុងកំឡុងពេល COVID-19 (ប្រភព៖ Google)

គិតមកត្រឹមតែថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៦លាននាក់ និងអ្នកស្លាប់ចំនួន ៣៧៣,៨៥៥នាក់ ខណៈអាមេរិកឈរលេខមួយដោយមានចំនួនអ្នកឆ្លងជាង ១,៨លាននាក់។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រ worldometers ។

ប្រជាជនជប៉ុនក្នុងកំឡុងពេល COVID-19 (ប្រភព៖ Google)

បើក្រឡេកមកមើលកម្ពុជាយើងវិញ ចំនួនអ្នកឆ្លងបានកើនដល់ ១២៥នាក់ និងអ្នកជាសះស្បើយចំនួន ១២៣នាក់ ដោយគ្មានអ្នកស្លាប់នោះទេ។ ការរក្សាបាននូវស្ថានភាពល្អបែបនេះគឺដោយសារការដាក់ចេញនូវិធានការទប់ស្កាត់នានារបស់រដ្ឋាភិបាល និងការចូលរួមពីប្រជាពលរដ្ឋផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយពេលដែលស្ថានភាពកំពុងតែមានភាពល្អប្រសើរជាបណ្ដើរៗនោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនហាក់មានការធ្វេសប្រហែល និងគ្មានការពារឲ្យបានខ្ជាប់ខ្ជួននោះទេ ដោយអ្នកដែលពាក់ម៉ាសមានចំនួនតិច និងកន្លែងមួយចំនួនក៏មានមនុស្សកកកុញផងដែរ ដូចជាតាមផ្លូវធ្វើចរាចរណ៍ ក្នុងផ្សារ និងហាងកាហ្វេមួយចំនួនជាដើម។

ប្រជាជនអាមេរិកក្នុងកំឡុងពេល COVID-19 (ប្រភព៖ Google)

ការធ្វេសប្រហែសបែបនេះ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាមានការបារម្ភ និងការពារបានតែមួយឆាវៗប៉ុណ្ណោះ ក្នុងពេលដែលស្ថានភាពធ្ងន់ធ្ងរ ហើយក៏ប្រែជាលែងខ្វល់ និងលែងការពារវិញពេលដែលស្ថានភាពគ្រាន់តែមានភាពធូរស្រាល ដោយមិនទាន់បានបញ្ចប់ទាំងស្រុងផងនោះ។ ជាពិសេសគឺការមិនបានសំឡឹងមើលប្រទេសជិតខាង ដែលចំនួនអ្នកឆ្លងនៅតែមានការកើនឡើងជារៀងរាល់ថ្ងៃ និងប្រទេសខ្លះមានការឆ្លងរលកទី២ ដែលស្ថានភាពកាន់តែធ្ងន់ធ្ងរជាងដំណាក់កាលឆ្លងដំបូងទៀតផង។

ក្រុមគ្រូពេទ្យកម្ពុជា (ប្រភព៖ Google)

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែខិតខំណែនាំ ក៏ដូចជាដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទោះបីជាស្ថានភាពក្នុងប្រទេសកម្ពុជាយើងមានភាពល្អប្រសើរខ្លះក៏ដោយ ជៀសវាងការឆ្លងរីករាលដាលនូវរលកទី២ ដែលប្រទេសជាច្រើនកំពុងតែជួបប្រទះ និងមានសភាពកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles