
ដោយៈ ទិន សុខាវុធ
កម្ពុជានិងប្រទេសអារ៉ាប់រួមនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងបញ្ជូនពលករខ្មែរ អោយទៅធ្វើការបានប្រាក់ខែខ្ពស់ នៅក្នងប្រទេសអារ៉ាប់រួម ក្នុងពេលឆាប់ៗនេះ។
យោងតាមទំព័រ Facebook របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ លោកឯកអគ្គរដ្ឋទូត Saif Abdulla Mohammed Khalfan Alshamisi នៃប្រទេសអារ៉ាប់រួម ប្រចាំនៅប្រទេសថៃ បានចូលជួបសន្ទនាការងារជាមួយនឹងលោក អ៊ីត សំហេង រដ្ឋមន្ត្រីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីពិភាក្សាពីការចុះហត្ថលេខាលើ MOU ដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអារ៉ាប់រួម។
ក្រសូងបានបន្ថែមទៀតថា នៅមុនពេលជួបសន្ទនាគ្នានេះ ប្រទេសអារ៉ាប់រួមបានផ្ញើរអោយកម្ពុជាមុនរួចជាស្រេច នូវអនុស្សារណៈនៃការយោគយល់គ្នាមួយ ព្រៀងឡើងដោយប្រទេសអារ៉ាប់រួម ក្នុងគោលបំណងអោយកម្ពុជាមានពេលគ្រប់គ្រាន់ ក្នុងការពិនិត្យពិចៃកិច្ចព្រមព្រៀងបញ្ជូនពលករនេះ។
ទាក់ទងនឹងពលករកម្ពុជា ដែលនឹងត្រូវជ្រើសរើសអោយទៅធ្វើការនៅប្រទេសអារ៉ាប់រួម លោកទូត Abdulla Mohammed បានលើកឡើងថា ដោយហេតុថានៅប្រទេសរបស់លោកមានជនជាតិបរទេសរស់នៅនិងធ្វើការនៅទីនោះប្រមាណជា ២០០ ជាតិសាសន៍ ដូចនេះ វានឹងគ្មានបញ្ហាអ្វីឡើយ ចំពោះពលករកម្ពុជាដែលនឹងទៅធ្វើការនិងរស់នៅទីនោះ។
លោកទូតបានបន្ថែមទៀតថា នៅក្នុងឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម បានដាក់ចេញនូវគោលនយោបាយថ្មីមួយ ដើម្បីការពារសិទ្ធិសេរីភាពរបស់ជនបរទេស។ ប្រការនេះបាននិងកំពុងធ្វើអោយជនបរទេស ដែលកំពុងប្រកបការងារអាជីវកម្ម នៅក្នុងប្រទេសរបស់លោក កាន់តែមានក្តីសុខសាន្តឡើងថែទៀត៕

