We TV Cambodia

ពរជ័យឆ្នាំថ្មីដែលមនុស្សនឹងទទួលបានគឺចេញពីគំនិត និងទង្វើផ្ទាល់ខ្លួន មិនមែនទេវតាប្រទានពរទេ

ពរជ័យឆ្នាំថ្មីដែលមនុស្សនឹងទទួលបានគឺចេញពីគំនិត និងទង្វើផ្ទាល់ខ្លួន មិនមែនទេវតាប្រទានពរទេ

សម្រួល៖ ពេជ្រ

បើតាមលោកង៉ែត ជូ បានចែករំលែករៀបរាប់ ទាក់ទងជាមួយពរជ័យឆ្នាំថ្មី ថាមិនមានទេវតា ឬព្រះឯណាអោយពរជ័យធ្វើអោយមនុស្សទទួលបានភាពជោគជ័យ សុខភាពល្អ សំបូរទ្រព្យ និងសប្បាយរីករាយនោះទេ។ ពរជ័យដែលមនុស្សនឹងទទួលបានគឺចេញពីគំនិត និងទង្វើផ្ទាល់ខ្លួន៖

១) កិច្ចការដែលអ្នកធ្វើ៖

តើអ្នកបំពេញកិច្ចការតាមតួនាទីបានល្អឬនៅ? តើអ្វីខ្លះដែលអ្នកគួរធ្វើដើម្បីពង្រីកការទទួលខុសត្រូវ និងរួមចំណែកធ្វើអោយខ្លួនអ្នកក្លាយជាទ្រព្យដ៏មានតម្លៃរបស់ស្ថាប័នឬក្រុមហ៊ុន?

២) ការគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានផ្ទាល់ខ្លួន៖

ពិនិត្យឡើងវិញពីការគ្រប់គ្រងចំណូល-ចំណាយ ការប្រើបំណុល និងការចាត់ចែងទ្រព្យធនអោយមានប្រសិទ្ធិភាព។ យ៉ាងតិច៥០%នៃចំណូលគួរចាត់ចែងជាគ្រាប់ពូជយកទៅវិនិយោគបន្ត។ យ៉ាងតិចតិច៥០%នៃទ្រព្យសរុបគឺជាទ្រព្យដែលចំរើនអាចរកចំណូល (income) ឬកើនតម្លៃ (capital gain) យ៉ាងតិចចន្លោះពី១៥%ទៅ២០%ក្នុង១ឆ្នាំ។ ត្រូវប្រាកដថាបំណុលទាំងអស់គឺជាបំណុលនាំមកនូវផលចំណេញ ពោលគឺបំណុលដែលខ្ចីយកមកធ្វើទុនវិនិយោគដោយក្រោយពីទូទាត់ការប្រាក់សល់ផលចំណេញគួរជាទីគាប់ចិត្ត (យ៉ាងតិចក៏ចំណេញ១០%ក្នុង១ឆ្នាំដែរ)។

កិច្ចការទាំងនេះទាមទារអោយអ្នកមានចំណេះ ជំនាញ វិន័យ ផ្នត់គំនិតវិជ្ជមាន និងចក្ខុវិស័យវែងឆ្ងាយ។ គួរបំពេញនូវចំណេះ ជំនាញដែលខ្វះខាត ពង្រឹង និងពង្រីកចំណេះ ជំនាញដែលមានជាប់ជាប្រចាំ។ល។

៣) សុខភាពផ្លូវកាយ៖

មានរបបអាហារសមរម្យ និងលេងកីឡាជាប់ជាប្រចាំ ពោលគឺគួរយកកីឡាធ្វើជាមិត្តដើម្បីសុខភាព និងចៀសវាងនូវអារម្មណ៍ឯកកោ ឬអផ្សុកដោយទុកពេលទំនេរឥតប្រយោជន៍។

៤) សុខភាពផ្លូវចិត្ត និងទំនាក់ទំនងសង្គម៖

អានសៀវភៅ អត្ថបទ ឬស្តាប់ធម៌អប់រំចិត្ត ដើម្បីបង្កើនភាពស្ងប់ក្នុងចិត្ត។ ជ្រើសរើសការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលគិតវិជ្ជមាន មានការទទួលខុសត្រូវ មានគោលការណ៍ មានសុចរិតភាព និងក្រមសីលធម៌ល្អ។ល។ បើកឱកាសអោយខ្លួនឯងបានស្គាល់បនុស្សថ្មីៗ រក្សាទំនាក់ទំនងជាមួយបុគ្គលដែលមានគុណតម្លៃ និងចំរុះបុគ្គលខ្វះគុណតម្លៃតាមរយៈការកាត់បន្ថយការទំនាក់ទំនង។

Related Articles