
ដោយៈ ទិន សុខាវុធ
ផ្សារភាគហ៊ុន ឬ ផ្សារមូលបត្រនៅកម្ពុជា (stock market) ប្រមូលភាគហ៊ុនសរុបបានជាង $161 លានដុល្លារ ចាប់តាំងពីផ្សារភាគហ៊ុនមួយនេះត្រូវបានបើកទ្វារ កាលពីឆ្នាំ ២០១២ មក។
យោងតាមលោក ហុង សុខហួរ នាយកប្រតិបត្តិនៃស្ថាប័នផ្សារភាគហ៊ុននៅកម្ពុជា ហៅកាត់ថា CSX ប្រជាពលរដ្ឋកាន់តែមានការយល់ដឹងពីផ្សារភាគហ៊ុនរបស់លោក កាន់តែច្រើនឡើង ៗ ។ ប្រការនេះ បានធ្វើអោយផ្សារភាគហ៊ុននៅកម្ពុជា បានក្លាយទៅជាប្រភពដើមទុនរកស៊ី សំរាប់ក្រុមហ៊ុនក្នុងស្រុក កាន់តែច្រើនឡើង ៗ ។
ជាលទ្ធផល រហូតមកដល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៨ ហើយដែលបានចុះបញ្ជីជាមួយនឹង CSX ។ ក្រុមហ៊ុនទាំងនោះរួមមាន៖ រដ្ឋាករទឹកស្វយ័តភ្នំពេញ, Grand Twins International, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, កំពង់ផែស្វយ័តភ្នំពេញ, ហត្ថាកសិករ, ធនាគារ ABA និង LOLC ។
លោកនាយកប្រតិបត្តិ CSX បានបន្ថែមទៀតថា ក្រៅពីក្រុមហ៊ុនទាំង ៨ ខាងលើនេះ នៅមានក្រុមហ៊ុនមួយចំនួនទៀត ក៏បានបង្ហាញពីបំណងចង់ចុះបញ្ជីជាមួយនឹងស្ថាប័ន CSX របស់លោក ដើម្បីមានលទ្ធភាពអាចទិញនិងលក់ភាគហ៊ុនប្រកបដោយសុវត្ថភាព នៅឆ្នាំ ២០២០ ខាងមុខនេះ៕

