ដោយៈ ទិន សុខាវុធ
ផ្សារទំនើប «Prince Huan Yu» ស្ថិតនៅក្នុងខេត្តព្រះសីហនុ នឹងបើកសម្ពោធដាក់អោយដំណើរការ នៅចុងឆ្នាំនេះ។
លោក Lei Bo អគ្គនាយកក្រុមហ៊ុន Prince Huan Yu Real Estate បានថ្លែងប្រាប់អ្នកសារព័ត៌មានពីការបើកសម្ពោធផ្សារទំនើបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានធ្វើឡើងនៅលើកោះពេជ្រកាលពីពេលថ្មីៗនេះ។
យោងតាមលោក Lei Bo ផ្សារទំនើបមួយនេះ នឹងជាផ្សារទំនើបដ៏ធំជាងគេនៅក្រុងព្រះសីហនុ។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ផ្សារទំនើបមួយនេះបានទាក់ទាញក្រុមហ៊ុនលក់ផលិតផលល្បីៗជាង ១០០ ក្រុមហ៊ុនមកហើយ។
ជាក់ស្តែង មានក្រុមហ៊ុនមួយចំនួនដូចជា Coach, Starbucks, ADIDAS, Pedro, TEN11, Samsonite បានមកជួលកន្លែងបើកហាងលក់ទំនិញរបស់ពួកគេ ហើយក៏មានក្រុមហ៊ុនល្បីៗជាច្រើនទៀតដែរ បានជួលរៀបចំបើកកន្លែងកំសាន្តជាច្រើន មានដូចជា Legend Cinema ជាដើម។
លោក Lei Bo បានបន្ថែមទៀតថា ក្រោយពីបើកសម្ពោធជាផ្លូវការ ផ្សារទំនើប Prince Huan Yu មិនត្រឹមតែជាទីផ្សារសំរាប់លក់ទំនិញតែប៉ុណ្ណោះទេ វានឹងក្លាយជាទីកន្លែងសំរាប់ជួបជុំគ្នាដ៏ល្អប្រណិតមួយ នៅភាគខាងត្បូងនៃប្រទេសកម្ពុជា។
មួយវិញទៀត លោក Lei Bo បានគូសបញ្ជាក់ថា ក្រុមហ៊ុន Prince Huan Yu Real Estate របស់លោកបាននិងកំពុងវិនិយោគ ប្រកបដោយភាពជោគជ័យ នូវគំរោងមួយចំនួន នៅទីក្រុងភ្នំពេញ ក៏ដូចជានៅក្នុងខេត្តព្រះសីហនុ។ គំរោងទាំងនោះមានដូចជា Prince Huan Yu Center, Prince Huan Yu Golden Bay, Prince Huan Yu Financial Tower ជាដើម ដែលអាចបង្កើតការងារចំនួនរាប់ពាន់ សំរាប់ប្រជាពលរដ្ឋកម្ពុជា៕