We TV Cambodia

ផ្សារទំនើបអូឡាំព្យានឹងបញ្ចប់ការសាងសង់ដំណាក់កាលទី២នៅឆ្នាំ២០២០ខាងមុខ

ផ្សារទំនើបអូឡាំព្យានឹងបញ្ចប់ការសាងសង់ដំណាក់កាលទី២នៅឆ្នាំ២០២០ខាងមុខ

ដោយ៖ឧត្តម

ក្រុមហ៊ុនOCICគ្រោងបើកដំណើរការផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ក្នុងត្រីមាសទី៤ក្នុងឆ្នាំ២០២០ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនមកកាន់ផ្សារទំនើបកាន់តែច្រើន បន្ទាប់ពីផ្សារបានបើកដំណើរជាគម្រោងដំបូងកាលពីខែមិថុនាកន្លងទៅនេះ។

ផ្សារទំនើបដំណាក់កាលទី២របស់អូឡាំព្យាគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួនក្នុងខែត្រីមាសទី២ក្នុងឆ្នាំ២០២០ហើយនឹងបើកដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី៤ឆ្នាំ២០២០ក្រោមការវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគ ទុន OCIC។

ផ្សារទំនើបនេះត្រូវបានសាងសង់ឡើង លើផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២.០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤.០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង ៧។

លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យាបាននិយាយថាការបង្កើតឡើងនេះគឺឈរលើតម្រូវការរបស់អតិថិជនជាចម្បង។ លើសពីនេះផ្សារទំនើបអូឡាំព្យាមានទីតាំងយុទ្ធសាស្ត្រដ៏ល្អបំផុតដែលនៅចំកណ្តាលទីក្រុង។

លោកមានប្រសាសន៏ថា៖« បន្ទាប់ពីការសាងសង់បញ្ចប់នោះផ្សារទំនើបអូឡាំព្យានឹងរំពឹងថានឹងអាចទាក់ទាញភ្ញៀវប្រចាំថ្ងៃប្រមាណពី៤ទៅ៥ម៉ឺននាក់»។

លោកបានបន្តថា៖«យើងមានផែនការពង្រីកចំណតយានយន្តហើយនឹងសាងសង់ស្ពានភា្ជប់ចំណតនោះចូលមកកាន់ផ្សារទំនើបអូឡាំព្យាតែម្តង។ ដោយទីក្រុងអូឡាំព្យាមានគម្រោងសាងសង់ផ្ទះពាណិជ្ជកម្មដែលបែរទៅទៅពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។»

នៅពេលដាក់ឲ្យដំណើរការ ផ្សារទំនើបអូឡាំព្យា នឹងមានហាងសរុបសម្រាប់ជួលប្រមាណជា ២៥០ យូនីត ខណៈបច្ចុប្បន្នមានត្រឹម ១០០ យូនីត។

ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ថ្មីនេះ នឹងមានរោងកុនសម្រាប់ក្រុមគ្រួសារ មាន ហាងអាហារ ហាងសំលៀកបំពាក់ ហាងអេឡិចត្រូនិច អាងហែលទឹកលើអាកាសដែលមានទេសភាពស្រស់ស្អាត ហើយអាចមើលឃើញកីទ្បដ្ឋានជាតិ អូទ្បាំពិក ជាពិសេសក្លឹបហាត់ប្រាណ កន្លែងលេងកីទ្បា សួនច្បារ ស្ពានកញ្ចក់លើអាកាស និងការរចនានានាទាក់ទាញជាច្រើនបន្ថែមទៀត។ ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សារទំនើបក៏មានសណ្ឋាគារលំដាប់ផ្កាយប្រាំ និងអគារការិយាល័យប្រណិតកម្រិតA ដែលមិនធ្លាប់មានពីពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា។

គួសរំលឹកផងដែរថាផ្សារទំនើបអូឡាំព្យាគឺព័ទ្ធជុំវិញដោយអគារ ៥៣ជាន់ សណ្ឋាគារ ៣៨ ជាន់ និងអគារលំនៅឋានដែលជាចំណុចខ្លាំង បន្ថែមជាមួយនឹងស្ពានអាកាសថ្មើរជើងភ្ជាប់ចូលមកក្នុងផ្សារ ដែលមិនធ្លាប់មានពីមុនមក ខណៈផ្សារទំនើបនេះស្ថិតក្នុងទីតាំងដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញ៕

Related Articles