We TV Cambodia

ផ្សារទំនើបថៃ Big C ដំបូងគេបើកលក់នៅក្រុងប៉ោយប៉ែត

ផ្សារទំនើបថៃ Big C ដំបូងគេបើកលក់នៅក្រុងប៉ោយប៉ែត
រូបថតៈ Facebook ក្រុមហ៊ុនផ្សារទំនើប Big C

ដោយៈ ទិន សុខាវុធ

ផ្សារ​ទំនើបរ​បស់​ប្រទេស​ថៃ​ «Big C» ដំបូងគេ បាន​សម្ពោធ​បើកទ្វារ​សាកល្បង​​លក់​ទំនិញ​និង​ម្ហូប​អាហារ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​​នៅ​ទំព័រ​ Facebook របស់​ក្រុហ៊ុន Big C គោល​បំណង​នៃ​ការបើក​សាខា​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការប្រើប្រាស់​របស់​​របរ​និងម្ហូប​អាហារ​​មកពីប្រទេសថៃ​។

ការបើកផ្សារ​ទំនើបនេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ទទួល​ស្វាគមន៍​ប្រកប​ដោយ​ក្តី​សោមនស្សរីករាយ​ ហើយ​​នៅ​ថ្ងៃ​ដំបូង​ ពួក​គេ​បាន​ចូល​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​យ៉ាង​ច្រើនកុះករ​។

ជាលទ្ធផល ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី ៤ ដែលមាន​សាខា​ផ្សារ​ទំនើប Big C មួយ​នេះ បន្ទាប់ពីប្រទេស​ថៃ ​វៀតណាម និង ឡាវ​។

ជាគោលការណ៍ ផ្សារ​ទំនើប​ Big C ផ្តោត​សំខាន់​ទៅ​លើអតិថិជន​ដែល​​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ជាមួយ​និង​ទំនិញ​ជា​ច្រើនមុខ​ ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​តំលៃ​មួយ​យ៉ាង​សមរម្យ​។

បើតាម​ក្រុមហ៊ុន Big C សាខា​ផ្សារ​ទំនើប​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ប្រើប្រាស់ទុនវិនិយោគប្រមាណ​ជា $6.8 លាន​ដុល្លារ​​ ហើយ​ដែលអាច​បង្កើត​ការងារ​ជាង ១,២០០ កន្លែង ​សំរាប់​ពលរដ្ឋ​ខ្មែរ​​រស់​នៅ​ក្នុង​តំបន់​នោះ​។

ក្រុង​ប៉ោយប៉ែត​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ ​​ស្ថិត​ជាប់​នឹងព្រំដែន​កម្ពុជា-ថៃ ដែលនៅ​ទី​នោះ​ មាន​ប្រជាជន​រស់​នៅ​ប្រហែល​ជា​ជាង ២០ ម៉ឺន​នាក់​។ អាស្រ័យ​ហេតុ​នេះ មាន​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​និង​កំពុង​​បោះទុន​វិនិយោគបង្កើតក្រុមហ៊ុន​និងឬ​រោងចក្រ​​ជា​បន្តបន្ទាប់​ នៅ​ក្នុង​ទីក្រុង​ដ៏​មមាញឹកមួយ​នេះ​។

ក្រៅ​ពី​សណ្ឋាគារ មជ្ឍមណ្ឌល​ពាណិជ្ជកម្ម កាស៊ីណូ​ធំ​ៗ សំណង់​លំនៅដ្ឋាន និង​បុរី​ថ្មី​ៗ រាជ​រដ្ឋាភិបាលកម្ពុជា​កំពុង​ធ្វើការ​សិក្សា​ពី​លទ្ធភាព​សាងសង់​ព្រលាន​យន្តហោះ​មួយ​​នៅ​ក្នុង​ទីក្រុង​នោះ​ផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *