
នៅសល់ប្រហែលជាមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ផ្សារទំនើបដ៏ធំមួយមានឈ្មោះថា FURI Times Square Mall នៅក្រុងព្រះសីហនុ នឹងបើកអោយដំណើរការទទួលអតិថិជន គ្រប់ស្រទាប់វណ្ណៈ។
យោងតាមអ្នកនាង លីម សុខាដាវីន នាយិកាគ្រប់គ្រងទីផ្សារ និងការលក់របស់ផ្សារទំនើបមួយនេះ FURI Times Square Mall នឹងបើកអោយដំណើរការ ជាជំហានដំបូងនៅចុងខែនេះ ក្នុងឱកាសឈប់សំរាកបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ។ ហើយការបើកសម្ពោធជាផ្លូវការ នឹងត្រូវធ្វើឡើងនៅដំណាច់ឆ្នាំ ២០១៩ នេះ។
អ្នកនាង លីម សុខាដាវីន បានអោយដឹងទៀតថា FURI Times Square Mall នឹងជាផ្សារទំនើបពោរពេញទៅដោយមុខទំនិញអាហារចំរុះនិងមានគុណភាពខ្ពស់ ដែលនឹងជាម៉ាកល្បីៗនៅលើពិភពលោក។ ហើយរហូតមកដល់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ស្តង់លក់ទំនិញនិងទីកន្លែងផ្សេងៗទៀត ត្រូវបានលក់ដាច់បានជាង ៩០% ហើយ។
ផ្សារទំនើប FURI Times Square Mall មានទីតាំងលក់រាយ និងកន្លែងកំសាន្តសរុបចំនួន ៦,០០០ ម៉ែត្រការ៉េ ដែលត្រូវសាងសង់ឡើងតាមរចនាបថស្ថាបត្យកម្មដ៏ល្អផ្តាច់គេមួយ ដែលត្រូវបានទទូលពានរង្វាន់អចលនទ្រព្យនៃប្រទេសកម្ពុជា។
ផ្សារទំនើបមួយនេះមានកំពស់ ៥ ជាន់ ស្ថិតនៅតាមផ្លូវឯករាជ្យ ក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ៕
