ផ្សារថ្មីមួយ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលទើបតែសាងសង់រួចរាល់នោះ ត្រូវបានសម្ពោធដាក់ឲ្យអាជីវកលក់ដូរ និងប្រើប្រាស់ជាផ្លូវការ ចាប់ពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ មន្ត្រីរាជការ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ។
លោក ឈេង សុវណ្ណដា បានថ្លែងថា ការសាងសង់ផ្សារថ្មីនេះឡើង ដោយមើលឃើញភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់បរិស្ថាន បាត់បង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង-ខេត្ត ដែលបងប្អូនលក់ដូរនៅតាមចិញ្ចើមផ្លូវថ្នល់ ដែលអាចបង្កហានិភ័យខ្ពស់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចណ៍ដល់អាយុជីវិត។
ចំណែកឯលោកស្រីអភិបាលខេត្ត បានសំណូមពរថា នៅពេលបងប្អូនបានទីតាំងថ្មីលក់ដូរហើយ សូមចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ក្នុងខេត្តកោះកុង ឲ្យមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមានកំណើនខ្ពស់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
អត្ថបទដោយ៖ ពិសី
