We TV Cambodia

ផ្សារឃ្លាំងរំសេវនឹងលេចចេញរូបថ្មី ក្នុងទឹកដីខណ្ឌសែនសុខ

ផ្សារឃ្លាំងរំសេវនឹងលេចចេញរូបថ្មី ក្នុងទឹកដីខណ្ឌសែនសុខ

ភ្នំពេញ៖ ផ្សារឃ្លាំងរំសេវថ្មីនឹងត្រូវបង្ហាញខ្លួន ក្នុងខណ្ឌ សែនសុខ ជាមួយនឹងគម្រោង យ៉ាងធំ មានតូបចំនួនដល់ទៅ ៩៨០តូប។ ផ្សារឃ្លាំងរំសេវថ្មីសែនសុខនេះ នឹងត្រូវសាងសង់ឡើងលើទំហំផ្ទៃដី ជាង ២ហិកតា ខណៈគម្រោងនៃការសាងសង់ ត្រូវបានកំណត់នឹងចំណាយពេលត្រឹមតែ ៦ខែតែប៉ុណ្ណោះ។ នេះបើតាម លោក សោម កែវម៉ាលីដា សហស្ថាបនិកផ្សារឃ្លាំងរំសេវថ្មីសែនសុខ បានប្រាប់ទៅកាន់ភ្នាក់ងារព័ត៌មានក្នុងស្រុក។

លោកបានបន្ថែមទៀតថា មូលហេតុដែលបង្កើតផ្សារនេះឡើង ដោយសារកត្តា ៤យ៉ាង ហើយកត្តាទាំង៤នោះ រួមមាន៖ កត្តាសុខសន្តិភាព កត្តាស្ថេរភាពនយោបាយ កត្តាសេដ្ឋកិច្ចមានកំណើនថេរ ៧ភាគរយ ក្នុងរយៈ២ទស្សវត្សរ៍នេះ និងកត្តាតំបន់។ ខណ្ឌសែនសុខ គឺជាតំបន់មួយប្រមូលផ្តុំទៅដោយលំនៅស្ថាន ហើយថ្មីៗនេះមានការវិនិយោគពីក្រុមហ៊ុនធំៗ ដូចជា ផ្សារទំនើបអ៉ីអន២ ផ្សារម៉ាក្រូ ព្រីម៊ែរសែនសុខ និងហ្គ្លូបលហោស ទៀតផង។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ លោក ខូវ ណារ៉ូ និង លោក ស៊ិន វ៉ាន់នី ដែលជាសមាជិកនៃគណមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយអាណត្តិរបស់ ឧកញ៉ា ស៊ីគង់ ទ្រីវ បានឲ្យដឹងថា ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទជាស្ថាពរ សូមឲ្យបងប្អូនអាជីវករទាំងអស់ដែលជួលតូបលក់ដូរនៅក្នុងផ្សារនេះ មេត្ដារើ និង រកទីតាំងថ្មីជាបណ្ដើរៗ ព្រោះផ្សានេះនឹងត្រូវបិទ នៅថ្ងៃទី ៣០ខែ មេសា ឆ្នាំ២០២០ ។ មូលហេតុនៃការ បិទផ្សារនេះ គឺដើម្បីធ្វើការ អភិវឌ្ឍមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ ឲ្យកាន់តែមានភាពស្រស់ស្អាត និង ទាន់សម័យបន្ថែមទៀត។ បន្ថែមពីនេះ ក៏ដើម្បី រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយលើកមុខមាត់ទីក្រុងភ្នំពេញ ឱ្យកាន់តែមានសោភ័ណភាព ស័ក្តសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

ដោយ៖ Stince

Related Articles