
ដោយៈ ទិន សុខាវុធ
ផ្សារលក់ទំនិញនៅតាមព្រំដែនកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា» ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ នឹងមិនអនុញ្ញាតអោយលក់ទំនិញណាផ្សេងក្រៅពីផលិតផលខ្មែរនិងវៀតណាមឡើយ។
«ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។» នេះជាសំណេរនៅលើទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ផ្សារលក់ទំនិញនេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារី នៅក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវបានសង់ឡើងនៅលើផ្ទៃដីប្រមាណជា ២ ហិកតា ចំងាយប្រមាណជា ៣០០ ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។
ផ្សារនេះត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ នៅក្រោមហិរញ្ញប្បទានប្រមាណជា $2,000,000 ដុល្លារ របស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមាន ៦៨ តូបលក់ទំនិញ និងត្រូវចែកចេញជា ៦ ប្រភេទ។
នៅក្នុងពិធីបើកសម្ពោធផ្សារនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុ់ន សែន បានលើកឡើងថា យោងតាមតួលេខជាផ្លូវការ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម បានកើនដល់ប្រមាណជា $4,600 លានដុល្លារ។ ក៏ប៉ុន្តែ តួលេខក្រៅផ្លូវការអាចមានចំនួនប្រមាណជា $5,000 លានដុល្លារ៕

