
ដោយៈ ទិន សុខាវុធ
លោក Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ បានថ្លែងថា នៅក្នុងខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ បណ្តាក្រុមហ៊ុនទាំងឡាយនៅកម្ពុជា នឹងអាចនាំចេញផ្លែស្វាយខ្មែរ ទៅលក់នៅលើបណ្តាទីផ្សារនានានៃប្រទេសកូរ៉េខាងត្បួង។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីកសិកម្មកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងនៅក្នុងជំណួបសន្ទនាការងារ ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ នៅទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង។
«ក្នុងឱកាសនេះផងដែរ ឯកឧត្តម Kim Hyeon-Soo បានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយនូវការអនុញ្ញាតិអោយនាំចូលស្វាយពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដូច្នេះក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូលស្វាយមកកូរ៉េបានហើយ» នេះជាសំណេររបស់ក្រសួងកសិកម្ម នៅលើទំព័រ Facebook របស់ក្រសួង។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ភាគីកូរ៉េខាងត្បូង ដែលបានព្រមព្រៀងអនុញ្ញាតការនាំចូលផ្លែស្វាយខ្មែរ ទៅលក់នៅលើទីផ្សារនៃប្រទេសកូរ៉េខាងត្បូងនេះ។
លើសពីនេះទៀត លោករដ្ឋមន្ត្រីក៏បានស្នើសុំដល់ភាគីកូរ៉េផងដែរ អោយធ្វើយ៉ាងណាជួយធ្វើទំនើបនីយកម្មកដំណាំសិកម្មនៅកម្ពុជា។
ជាកុសលល្អ លោករដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េខាងត្បូង បានយល់ព្រមចំពោះសំណើររបស់កម្ពុជា និងបានសន្យាថា នឹងជួយបង្រៀនកម្ពុជាអោយចេះធ្វើការដាំដុះដំណាំផ្សេងៗ នៅក្នុងផ្ទះផ្ទាំងកញ្ចក់ (Green House) យោងទៅតាមស្តង់ដារបច្ចេកវិទ្យាចុងក្រោយ ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនសមត្ថភាពកសិករខ្មែរ អាចដាំដំណាំបានគ្រប់រដូវ៕
