We TV Cambodia

ផ្លែស្វាយកម្ពុជានឹងត្រូវនាំចេញទៅទីផ្សារប្រទេសជប៉ុន

ផ្លែស្វាយកម្ពុជានឹងត្រូវនាំចេញទៅទីផ្សារប្រទេសជប៉ុន

រូបថតៈ គេហទំព័រក្រសួងកសិកម្ម

ដោយៈ ទិន សុខាវុធ

ផ្លែ​ស្វាយ​កម្ពុជា​នឹងត្រូវ​នាំ​ចេញទៅលក់​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​ជប៉ុន​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ
នៅ​ពេលដែល​រាជ​រដ្ឋាភិបាល​ជប៉ុន​បញ្ចប់​និតិវិធី​ពិនិត្យ​និង​បើកផ្លូវ​ការនាំ​ចូល​ផលិតផល​ផ្លែ​ស្វាយ​កម្ពុជា​
ទៅកាន់ទីផ្សារ​របស់​ខ្លូន​។

យោង​តាម​គេហទំព័រ​របស់​ក្រសួង​កសិកម្ម នៅ​ពេល​ដែល​និតិវិធី​អនុញ្ញាត​ការនាំចូល​​ផ្លែស្វាយ​កម្ពុជា​​ត្រូវ​បាន​បញ្ចប់
ប្រទេស​ជប៉ុន​នឹង​ក្លាយ​ជា​ប្រទេស​មួយ​ទៀត​ នៅ​ក្នុង​​ចំណោម​ប្រទេស​​ប្រទេស​អាស៊ី​មួយ​ចំនួន
ដែល​បាន​និង​កំពុង​​នាំ​ចូល​ផ្លែ​ស្វាយ​កម្ពុជា​ ទៅ​លក់​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​។

ទាក់ទង​នឹង​រឿង​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​បាន​នូវ​ផ្លែ​ស្វាយ​កម្ពុជា​ដាក់លក់​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​នៅ​ខែ​ក្រោយ​។
ចំណែកឯប្រទេស​ចិនវិញ កំពុង​តែ​ចរចារ​ជាមួយ​កម្ពុជា​ ក្នុង​ការទទួល​យក​ផ្លែស្វាយ​ ​ទៅ​លក់​នៅ​លើទីផ្សារ​ក្នុង​ប្រទេស​ចិន។

​គេហទំព័រ​របស់​ក្រសួង​កសិកម្ម​បាន​សរសេរបន្ថែម​ទៀត​ថា កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍នេះ នៅក្នុង​ជំណួបការងារ​ជាមួយ​នឹង​លោក  Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន លោករដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម វ៉េង​ សាខុន បាន​លើក​ឡើង​ថា ប្រទេស​ជប៉ុន​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល សំរាប់​​ផលិតផល​ផ្លែ​ឈើកម្ពុជា​។ លើស​ពី​នេះ​ទៀត ​ប្រទេស​​ជប៉ុន​បាន​ទទួល​ទិញ​រួច​ទៅហើយ នូវ​ផលិផល​ផ្លែ​ចេក​អំបូង​ពណ៌​លឿង​របស់​កម្ពុជា​។

បើតាម​តួលេខ​របស់​ក្រសួង​កសិកម្ម ចាប់តាំង​ពី​ខែ​កញ្ញា​មក កម្ពុជា​​បាន​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​​ជាង ៣៩,៨៦៤ តោន ទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេសថៃ​៕

Related Articles