
ដោយៈ ទិន សុខាវុធ
ផ្លូវជាតិលេខ ២ នឹងត្រូវកែលំអអោយធំជាងមុន នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ នៅពេលដែលគ្រឿងសំភារៈបរិក្ខាសំណង់ សំរាប់កែលំអផ្លូវនេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាបណ្តើរៗហើយ។ ចំណែកឯថវិកាក៏មានគ្រប់គ្រាន់ដែរ សំរាប់ការសាងសង់នេះ។
ព័ត៌មានខាងលើនេះ ត្រូវបានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហើបអោយដឹងនៅក្នុងបទសម្ពោសន៍ជាមួយនឹងអ្នកសារព័ត៌មាន កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ នៅក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM) ។
ជាលទ្ធផល សំរាប់ការកែលំអផ្លូវជាតិលេខ ២ ចាប់ពីតាខ្មៅទៅដល់អូរចំបក់ និងផ្លូវជាតិលេខ ២២ ចាប់ពីអូរចំបក់ទៅដល់អង្គតាសោម រដ្ឋាភិបាលកូរ៉េបាននិងកំពុងផ្តល់ហិរញ្ញប្បទានប្រមាណជា $45 លានដុល្លារ សំរាប់ការសាងសង់នេះ។
ជារួម កំណាត់ផ្លូវជាតិលេខ ២ ប្រវែងប្រមាណជា ៦៦ គីឡូម៉ែត្រ នឹងត្រូវកែលំអ ដែលនៅក្នុងនោះ កំណាត់ផ្លូវចាប់ពីរង្វង់មូលតាខ្មៅរហូតដល់រង្វង់មូលអូរចំបក់ នឹងត្រុវក្រាលកៅស៊ូ AC ត្រូវសង់ស្ពានថ្មី និងត្រូវពង្រីកអោយធំមានទទឹងទំហំ ១៣ ម៉ែត្រ។ ចំណែកឯកំណាត់ផ្លូវចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូង ដែលមានប្រវែងប្រមាណ ៨ គីឡូម៉ែត្រ នឹងត្រូវសង់ជា ៤ គន្លង៕
