We TV Cambodia

ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកពី ៧ម៉ែត្រទៅ ១១ម៉ែត្រ ខណៈការដេញថ្លៃជិតបានបញ្ចប់

ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកពី ៧ម៉ែត្រទៅ ១១ម៉ែត្រ ខណៈការដេញថ្លៃជិតបានបញ្ចប់

ផ្លូវជាតិលេខ៤ ដែលបច្ចុប្បន្នមានទទឹង ៧ម៉ែត្រនឹងត្រូវពង្រីបន្ថែមដល់ ១១ម៉ែត្រ បន្ទាប់ពីទទួលបានការអនុម័តហិរញ្ញប្បទានចំនួន ១១០លានដុល្លារ ពីធនាគារពិភពលោក។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងពី ៧ម៉ែត្រទៅ ១១ម៉ែត្រ ទៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែង ជាមួយនឹងចាក់កម្រាស់កៅស៊ូឡើងវិញ និងលើកកម្ពស់ផ្លូវដែលលិចលង់ដោយទឹកភ្លៀង ព្រមទាំងការស្តារឡើងវិញនូវស្ពានកាត់ផ្លូវមួយចំនួនផងដែរ។

ផ្លូវជាតិលេខ៤ ជាផ្លូវដែលតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២៣២គីឡូម៉ែត្រ កាត់ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ហើយការពង្រីកនេះដែរ នឹងបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំដែលមានស្រាប់ កាត់បន្ថយហានិភ័យនៃការដឹកលើសទម្ងន់ ការដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរផងដែរ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវនេះឡើងវិញ បានចំនួន ២កញ្ចប់ហើយ ដោយនៅសល់តែ២ ឬ៣កញ្ចប់ទៀតប៉ុណ្ណោះ នឹងឈានទៅអភិវឌ្ឍន៍ផ្លូវនេះហើយ។

អត្ថបទដោយ៖ Nevin

Related Articles