We TV Cambodia

ផ្លូវជាតិលេខ៣ក្លាយជាតំបន់ដីធ្លីឡើងថ្លៃ

ផ្លូវជាតិលេខ៣ក្លាយជាតំបន់ដីធ្លីឡើងថ្លៃ

សក្តានុពលនៃវិស័យដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៣ កំពុងមានសន្ទុះខ្លាំង បើធៀបទៅនឹងតំបន់ផ្សេងៗ គិតត្រឹមរយៈពេល១ឆ្នាំចុងក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលធ្វើការពង្រីកទំហំផ្លូវឲ្យមានសណ្ឋានធំជាងមុន។

តម្លៃដីធ្លីក្នុងចំនុចផ្លូវជាតិលេខ៣ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះហាក់មានការប្រែប្រួលខ្លាំង ស្របពេលដែលលំហូរគម្រោងសាងសង់ ឧស្សាហកម្ម រោងចក្រ សហគ្រាស ធុនតូចធំ បុរី បានចាប់ផ្តើមសាងសង់ជាបណ្តើរៗ ដែលធ្វើឲ្យតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ៣  មានការកើនឡើង។

តម្លៃដីធ្លីកើនប្រមាណជាង ១០ភាគរយប្រចាំឆ្នាំ ដោយគិតចាប់ពីរង្វង់មូលចោមចៅ រហូតដល់ទំនប់ ស្ពានកំពង់ទួល ដែលខណ្ឌចែកព្រំប្រទល់រវាង រាជធានីភ្នំពេញ និង ខេត្តកណ្តាល តម្លៃដីនៅតាមដងផ្លូវសម្រាប់ដីអភិវឌ្ឍន៍ និង ឧស្សាហកម្មគឺក្នុងមួយម៉ែត្រការ៉េ ចន្លោះចាប់ពី ២០០ ទៅ ៤០០ ដុល្លារអាមេរិក។

ដោយឡែក ចាប់ពីស្ពានកំពង់ទួលដល់ផ្សារអង់តាសោមតម្លៃដីសម្រាប់គម្រោងអភិវឌ្ឍន៍ ឧស្សាហកម្មគឺមានក្នុងចន្លោះពី ២០ដុល្លារ ទៅ ៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចាប់ពីអង់តាសោមទៅ ដល់បែកគូស និងទៅដល់ជិតស្ថានីយ៍រថភ្លើងខេត្តកំពតតម្លៃដីក្នុងមួយម៉ែត្រការ៉េ ប្រមាណ ១០ ដល់ ២០ដុល្លារ។

ទោះបីជាតម្លៃដីមានការកើនឡើងក៏ពិតមែនប៉ុន្តែបរិមាណនៃការកើនឡើងមិនទាន់ថ្លៃពេកនោះដែរ  ដោយគ្រាន់តែជាតម្លៃមួយលើសពីតម្លៃទីផ្សារបន្តិចបន្តួចតែប៉ុណ្ណោះបើធៀបទៅនឹងតម្លៃទីផ្សារដីនៅផ្លូវជាតិលេខ៤​។​

ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលបានសម្រេចធ្វើការពង្រីកទំហំផ្លូវរហូតដល់៤គន្លងចំពោះផ្លូវជាតិលេខ៣  អ្នកជំនាញលើផ្នែកអចលនទ្រព្យបានធ្វើការសិក្សានិងវិភាគពីភាពរីកចម្រើនលើវិស័យនានានៅតាមផ្លូវជាតិលេខ៣  តួយ៉ាងគឺមើលទំហំនៃការអភិវឌ្ឍ ក្នុងនោះរួមមាន៖​  រោងចក្រ សហគ្រាស បុរីផ្ទះល្វែង ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្ខំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារឹម កង់ និងស៊ីម៉ង់ត៍ជាដើម។

លោក ឌីន​ ចាន់ណា​ នាយកប្រតិបត្តិក្រុមហ៊ុនឡាក់គី រៀល អ៊ីស្ទេត បានថ្លែងថា ស្ថានភាពនៃការអភិវឌ្ឍនៅតាមផ្លូវជាតិលេខ៣ មានស្ថានភាពល្អដោយតម្លៃដីកំពុងមានសន្ទុះគួរសមដែរ ក្រោយពីផ្លូវកំពុងត្រូវបានពង្រីក   ជាពិសេសគម្រោងនានាកំពុងធ្វើការសាងសង់ជាបណ្តើរៗ។

លោក ចាន់ណា​ថា៖ «បើតាមការសិក្សាពីផ្លូវជាតិលេខ៣នេះ មានគម្រោងសាង​សង់ជាច្រើន ដូចជា សួនឧស្សាហកម្ម កន្លែងកម្សាន្ត ខុនដូ រោងចក្រកាត់ដេរ បុរី និងផ្សារទំនើបជា​ដើម​»​។   លោកបន្តថា៖«កត្តាដែលធ្វើឲ្យមានគម្រោងខាងលើចាប់ផ្តើម ក៏ព្រោះតែផ្លូវនេះជាផ្លូវសំខាន់មួយទៀតបន្ទាប់ពីផ្លូវជាតិលេខ៤   វាគឺជាផ្លូវសម្រាប់ធ្វើពាណិជ្ជកម្ម ដែលតភ្ជាប់ពីកំពង់ផែទឹកជ្រៅនៅខេត្តកំពង់សោម»។

លោកបន្ថែមថា៖« បន្ទាប់ពីផ្លូវជាតិលេខ៣បានបញ្ចប់ការសាងសង់អ្នកវិនិយោគនឹងទទួលបានទីផ្សារល្អ ជាក់ជាមិនខាន ព្រោះជាតំបន់ឧស្សាហកម្មធំ ជាកន្លែងបណ្តុំទៅដោយខ្សែរសង្វាក់សេដ្ឋកិច្ចខ្ពស់  រីឯប្រជាពលរដ្ឋវិញក៏ទទួលបានការងារកាន់តែច្រើន  ព្រោះថារោងចក្រមានច្រើនការប្រកបមុខរបររកស៊ីរបស់ពួកគាត់កាន់តែទទួលបានចំណូលកាន់តែច្រើន ព្រោះវាជាតំបន់ពាណិជ្ជកម្មធំ»។

លោក ប៉ូ អ៊ាវគង់ អគ្គ​នាយក​​គ្រប់​គ្រង​ក្រុមហ៊ុន​អេស៊ា រៀល អ៊ីស្ទេត  បាននិយាយថាក្នុងបរិបទទីផ្សារលើវិស័យដីធ្លីនៅតាមផ្លូវជាតិលេខ៣មានស្ថេរភាពល្អ  ប៉ុន្តែក្នុងរយៈពេល១ឆ្នាំនេះ មានការកើនឡើងគួរអោយកត់សម្គាល់និងដោយសារកត្តាសត្យានុម័តលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានស្រាប់គួបផ្សំនិងការអភិវឌ្ឍតាមផ្លូវមានការរីកចម្រើនទើបធ្វើអោយតម្លៃដីមានតម្លៃហក់ឡើងខ្ពស់ជាងតំបន់ផ្សេងៗ។

តួយ៉ាងកត្តាចំបងដែលធ្វើអោយស្ថានភាពតម្លៃដីនៅតាមផ្លូវជាតិលេខ៣មានការកើនឡើងដោយសារតែតំបន់នោះជាតំបន់ឧស្សាហកម្មស្រាប់និងជាផ្លូវសំខាន់ក្នុងការដឹកជញ្ចូនទំនិញធំបន្ទាប់ពីផ្លូវជាតិលេខ៤។

លោក​ ប៉ូអ៊ាវគង់មានប្រសាសន៍ថា៖​«​ផ្លូវសេដ្ឋកិច្ចដឹកជញ្ចូនធំថ្មីមួយទៀតនៅកម្ពុជាគឺជាផ្លូវជាតិលេខ៣នេះផ្ទាល់បន្ទាប់ពីការកើនឡើងនូវគម្រោងរោងចក្រ ឧស្សាហកម្ម​​ ផ្ទះលំនៅឋាន បុរី ផ្សារ បានផ្លាស់ប្តូរទៅតំបន់នោះជាបណ្តើរៗនឹងដោយសារតែជាទិសដៅសេដ្ឋកិច្ចមួយផងទើបវិស័យដីធ្លីកើនឡើង»។

លោកបន្តថា៖«​បន្ទាប់ពីការសាងសង់ផ្លូវជាតិលេខ៣បានបញ្ចប់នោះទីតាំងខាងលើនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ធំជាក់ជាមិនខានក៏ព្រោះតែគេសម្លឹងមើលពីទីតាំងភូមិសាស្ត្រល្អនឹងដោយសារគម្រោងជាច្រើនកំពុងសាងសង់ជាបន្តបន្ទាប់»។

តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៣កំពុងហក់ឡើងខ្លាំង

លោកអ៊ាវ គង់ថា៖«​ប្រជាជនជាអ្នកដែលទទួលបានផលប្រយោជន៍ផ្ទាល់ទី១នោះគឹងាយស្រួលរកស៊ីតាមបណ្តោយផ្លូវជាតិលេខ៣ និងទី២  គឺពួកគាត់មានកន្លែងធ្វើការងារស្រាប់ដែលមានក្នុងតំបន់និងសហគមន៍គាត់ផ្ទាល់នោះគឺរោងចក្រ និងវិស័យផ្សេងៗទៀត»។

ដោយឡែក លោកស្រី អាន សុធីតា នាយិកា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBREបានថ្លែងថាសក្តានុពលនៅតាមបណ្តោយផ្លូវជាតិលេខ៣ពិតជាមានសន្ទុះរីកចម្រើនក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ  ដោយសារតែវិស័យធំៗមួយចំនួនកំពុងឈរជើងនៅលើទីតាំងនោះស្រាប់ជាពិសេសផ្លូវជាតិលេខ៤​​និងលេខ៣។

លោកស្រីថា៖​« តម្លៃដីធ្លីនៅទីតាំងនេះមិនមែនទើបតែមានការកើនឡើងក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះទេគឺកើនឡើងជាយូរមកហើយដោយយើងដឹងស្រាប់ហើយជាទីតាំងនោះជាតំបន់ដែលមានរោងចក្រច្រើន  ដូច្នេះតម្លៃដីធ្លីច្បាស់ណាស់នឹងមានការកើនឡើងក៏ប៉ុន្តែចល​ករ​នៃតម្លៃដីនៅទីនោះមានលក្ខណះលេចធ្លោជាងគេ  តែមិនមែនកើនឡើងខ្ពស់នោះដែរ។ វាអាចផ្តល់ជូនតម្លៃមួយសមរម្យជូនអ្នកទិញនិងម្ចាស់គម្រោងនានា។​»

ភ្ជាប់គ្នានេះដែរ គម្រោងធំៗនិងសំខាន់មួយចំនួនកំពុងតែសាងសង់នៅលើផ្លូវជាតិ​លេខ​៣​នោះរួមមាន រោងចក្រផលិតស្បែកជើង ផលិតស្មាអាវ ឈរលេខ១នៅផ្លូវជាតិលេខ៣ បុរីឈរ​លេខ​២ ​​ដែលភាគច្រើនជាប្រភេទផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីពិភពថ្មី។​

សូមរំលឹកថារាជរដ្ឋាភិបាលធ្វើការពង្រីកផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លងក្រោមទឹកប្រាក់ប្រមាណ  ២១៩,៩១១ លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕​

 

Related Articles