We TV Cambodia

ផ្តើមចេញពីមេមាន់ ១០ក្បាល ស្រ្តីម្នាក់ក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់

ផ្តើមចេញពីមេមាន់ ១០ក្បាល ស្រ្តីម្នាក់ក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់

ដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ផ្តើមចេញពីមេមាន់ ១០ក្បាល ប៉ុន្តែដោយសារមានគោលដៅពិតប្រាកដ បូកឆន្ទ: ការតស៊ូអំណត់ ព្យាយាម និងមានការជួយជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើឲ្យអ្នកស្រី កន ភារម្យ អាយុ ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរផុត ឃុំអង្គរតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ ដែលមានសមាជិកសរុបចំនួន ៧០គ្រួសារ អាចរកប្រាក់ចំណូលបានពី ៨ ០០០ ០០០-១០ ០០០ ០០០រៀល/ខែ។

 

បើយោងតាមរបាយការណ៍ពិស្តារមួយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ  បានឲ្យដឹងថាអ្នកស្រី ភារម្យ បានប្រកាន់យករបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១៦ ដោយផ្តើមចេញពីមេមាន់ ១០ក្បាលប៉ុណ្ណោះ។ កាលនោះ ដោយសារចំណេះជំនាញបច្ចេកទេស និងបទពិសោធន៍របស់បងស្រីនៅមានកម្រិត ធ្វើឲ្យចំណូលដែលទទួលបានពីមុខរបរនេះមាន កម្រិតទាបត្រឹមតែ ៤០០ ០០០រៀល/ខែ ស្ទើរតែមិនអាចទ្រទ្រង់ជីវភាពបាន ដោយសារក្នុងបន្ទុកគ្រួសារបងស្រីមានកូន ៣នាក់ ដែលកំពុងសិក្សារៀនសូត្រ និងស្វាមី។

ដោយសារអ្នកស្រីមានគោលដៅច្បាស់លាស់ ឆន្ទ:មោះមុត និងការតស៊ូ អំណត់ព្យាយាម ជាពិសេសមានការជួយ ឧបត្ថម្ភ គាំទ្រ និងលើកទឹកចិត្តពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅឆ្នាំ២០១៧ មន្ទីរបានជ្រើសរើសអ្នកស្រីជាអ្នកទទួលផលពីគម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ (2KR)”។

ដោយសារសេចក្តីត្រូវការកូនមាន់ស្រែរបស់អតិថិជនទាំងទីជិត និងទីឆ្ងាយចេះតែកើនឡើងជាលំដាប់ គាប់ជួនកម្មវិធីស្តីពី “ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានចូលដល់ផ្ទះអ្នកស្រីនៅឆ្នាំ២០១៩។ កម្មវិធីនេះ បានជួយរៀបចំចងក្រងបណ្តុំអាជីវកម្មចិញ្ចឹមមាន់មានសមាជិកសរុប ៧០គ្រួសារ ហើយអ្នកស្រីត្រូវបានជ្រើសរើសជាប្រធាន។

សម្រាប់គ្រួសារអ្នកស្រីផ្ទាល់ បច្ចុប្បន្នមានទូភ្ញាស់កូនមាន់ចំនួន ១៦គ្រឿង មានសមត្ថភាពភ្ញាស់បានប្រមាណ ៣០ ០០០ គ្រាប់ និងជាមធ្យមអាចទទួលបានកូនមាន់ប្រមាណ ២០ ០០០- ២៥ ០០០ក្បាល/ខែ ហើយក្នុង ១ខែអាចរកចំណូលបានពី ៨ ០០០ ០០០-១០ ០០០ ០០០រៀល ពីការលក់កូនមាន់ និងទូរភ្ញាស់៕

Related Articles