We TV Cambodia

«ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ» ជាប្រធានបទថ្មីនៃកម្មវិធីពិព័រណ៍សៀវភៅជាតិលើកទី៨

«ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ» ជាប្រធានបទថ្មីនៃកម្មវិធីពិព័រណ៍សៀវភៅជាតិលើកទី៨

ប្រភព៖ ពិព័រណ៍សៀវភៅ

ដោយ៖ស្រីពេជ្រ

មិនខុសពីសព្វមួយដង
កម្មវិធីពិព័រណ៍សៀវភៅបានត្រឡប់មកវិញជាថ្មីម្ដងទៀត
ក្រោយពីទទួលការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺយុវជនតែម្ដង ហើយនេះជាលើកទីប្រាំបីដែលកម្មវិធីដ៏មានសារៈប្រយោជន៍នេះបានរៀបចំជាថ្មីម្ដងទៀតក្រោមប្រធានបទថ្មីគឺ
«ផ្ដើមក្ដីស្រមៃ ដែកាន់សៀវភៅ»។

ប្រធានបទថ្មីនេះមានគោលបំណង
ផ្សព្វផ្សាយនូវវប្បធម៌នៃការអានសៀវភៅទៅក្នុងសង្គមខ្មែរ ជាពិសេសផ្ដោតលើយុវជនទាំងស្រីទាំងប្រុស​
ដែលពួកគេគឺជាកម្លាំងចលករមិនអាចខ្លះបានសម្រាប់សង្គមខ្មែរយើងក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន
និងនាពេលអនាគត។

កញ្ញា ង៉ាន់ សុគន្ធ
ជានិស្សិតមួយរូបនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​និយាយថា៖«​ខ្ញុំសប្បាយចិត្តនឹងចូលរួមកម្មវិធីនេះ
ព្រោះថាខ្ញុំបានឃើញស្នាដៃនិពន្ធទាំងភាសាខ្មែរ និងបរទេស
ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានពុទ្ធិជាច្រើនតាមរយៈកម្មវិធីតាំងពិព័រណ៍សៀវភៅនេះ»។

បន្ថែមពីនេះ កញ្ញាបន្តថា កម្មវិធីនេះគឺពិតជាមានសារៈសំខាន់មិនថាចំពោះអ្នកនិពន្ធឬសម្រាប់អ្នកចូលរួមទេ
ព្រោះវាជាការចងក្រងមួយដែលប្រមូលផ្ដុំអ្នកនិពន្ធបានបញ្ចេញស្នាដៃ
ជាពិសេសគឺអ្នកគាំទ្របានជួបជជែកជាមួយអ្នកនិពន្ធនិងបង្កើនភាពស្និទ្ធស្នាលផងដែរ។

និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
កញ្ញា សុភក្រ កក្កដា ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖«
កម្មវិធីនេះគឺពិតជាល្អមែនទែន ព្រោះបានជម្រុញទឹកចិត្តយុវជនខ្មែរអោយស្រលាញ់ការអាន
ជាពិសេសគឺជាកម្មវិធីដែលពញ្ញាក់ស្មារតីដល់អ្នកដែលគាត់មិនចាប់អារម្មណ៍ការអានសៀវភៅ
ងាកមកចាប់អារម្មណ៍វិញជាដើម»។

សូមបញ្ជាក់ដែរថា កម្មវិធីពិព័រណ៍សៀវភៅជាតិលើកទី៨នេះ
នឹងប្រារពធ្វើឡើងនៅថ្ងៃស្អែកនេះហើយ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩
ដែលមានទីតាំងនៅបណ្ដាល័យជាតិ៕

Related Articles