ដោយ៖ពេជ្រ
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទស ដែលមានតម្លៃជិត ២០០ លានដុល្លារ។ នេះបើតាមស្ថិតិពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករ កាលពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ ២០២០។
តាមស្ថិតិពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករបង្ហាញថាចាប់ពីខែមករាដល់ខែឧសភាកម្ពុជាបាននាំចេញកង់មានតម្លៃជាង ១៩៧ លានដុល្លារកើនឡើង ២៦ ភាគរយ។ ពោលប្រទេសកម្ពុជាបាននាំចេញកង់ក្នុងស្រុកចំនួន ៨៧៦.៦១២ គ្រឿងទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះគឺកើនឡើង ១៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមស្ថិតិដដែលបានឱ្យដឹងទៀតថា ទីផ្សារដ៏ធំបំផុតសម្រាប់កង់ដែលត្រូវបានគេតំឡើងនៅក្នុងស្រុករបស់ប្រទេសកម្ពុជាគឺសហគមន៍អ៊ឺរ៉ុប បន្ទាប់មកគឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន។
សូមបញ្ជាក់ដែរថា វិស័យដំឡើងកង់កំពុងទាក់ទាញទាំងក្រុមហ៊ុនផលិតកង់ និងរោងចក្រផលិតគ្រឿងបន្លាស់រថយន្តល្បី ៗ ដើម្បីមកវិនិយោគនៅកម្ពុជាជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិតខេត្តស្វាយរៀង។ ជាក់ស្ដែង កាលពីឆ្នាំមុនប្រទេសកម្ពុជាបាននាំចេញកង់ចំនួន ៤១៨ លានដុល្លារដែលកើនឡើងពី ៣៣១ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ទៅកាន់ទីផ្សារបរទេសផងដែរ៕
រូបភាព៖ ពីក្រសួងព័ត៌មានខេត្តស្វាយរៀង