
ដោយៈ ទិន សុខាវុធ
នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលធ្វើអោយធនាគាររបស់លោកទទួលប្រាក់ចំណេញ បានលើសផែនការនេះ ក៏ដោយសារកម្ពុជាបច្ចប្បន្នមានស្ថេរភាពនយោបាយ និង សន្តិសុខសង្គម ដែលជាកត្តានាំអោយមានកំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ប្រមាណ ៧ ភាគរយក្នុងមួយឆ្នាំ។
លោក អ៊ីន ចាន់នី នាយកប្រតិបត្តិធនាគារ ACLEDA បានអះអាងប្រាប់អ្នកសារព័ត៌មានថា ប្រាក់ចំណេញរបស់ធនាគាររបស់លោក អាចកើនលើសពី $100 លានដុល្លារ ដែលជាការរំពឹងទុកនៅសំរាប់ឆ្នាំនេះ។
លោក បណ្ឌិត អ៊ិន ចាន់នី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ធនាគារ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច បើអញ្ចឹងកាលណាសេដ្ឋកិច្ច លូតលាស់ ធនាគារលូតលាស់។ អញ្ចឹងមកដល់ឆ្នាំ២០១៩នេះ មកដល់ខែ៩ វាមាន៣ត្រីមាសហើយ យើងនៅសល់តែ១ត្រីមាស យើងនឹងបញ្ចប់ឆ្នាំ២០១៩ ឆ្លងទៅឆ្នាំ២០២០។ ខ្ញុំចង់បញ្ជាក់យ៉ាងខ្លីថា សុខភាពក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនេះ គឺមានសុខភាពល្អ ពិសេសធនាគារអេស៊ីលីដា»។
បើតាមការអះអាងរបស់លោក អ៊ីន ចាន់នី មកទល់ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ធនាគាររបស់លោកបានផ្តល់ប្រាក់កំចីប្រមាណ $3.6 ពាន់លានដុល្លារ អោយដល់អថិជន គឺស្មើនឹង ៩០% នៃផែនការកំណត់។ ចំពោះការទទួលប្រាក់បញ្ញើវិញ នៅក្នុងរយពេលដូចគ្នា ធនាគាររបស់លោកបានទទួលប្រាក់បញ្ញើប្រមាណជា $4.2 ពាន់លានដុល្លារ ដែលស្មើនឹង ៩០% នៃផែនការកំណត់ដូចគ្នា។
បើនិយាយពីការប្រកួតប្រជែងនៅលើទីផ្សារហិរញ្ញវត្ថុវិញ លោកនាយកធនាគាររូបនេះ បានលើកឡើងថា បណ្តាធនាគារពាណិជ្ជនិងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយ បំពេញកង្វះខាតអោយគ្នាទៅវិញទៅមក។ ជាទូទៅ ភាពប្រកួតប្រជែងនេះ មានភាពវិជ្ជមានច្រើន គឺមានន័យថា «រួមរស់ជាមួយគ្នា ដើម្បីការរីកចំរើនទាំងអស់គ្នា»។
ទាក់ទងនឹងរឿងនេះ យោងតាមរបាយការណ៍របស់ធនាគារជាតិ ប្រចាំឆមាសទី ១ ក្នុងឆ្នាំ ២០១៩ ទ្រព្យសកម្មរបស់បណ្តាធនាគារពាណិជ្ជនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ បានកើនឡើងជាង ១៩% គឺស្មើនឹង ១៦៦% នៃផលទុនជាតិសរុប។ នៅពេលដែលឥណទានមានចំនួនស្មើនឹង ១០៣% និងប្រាក់បញ្ញើមាន ៩២% នៃផលទុនជាតិសរុប។
ធនាគារជាតិ បានអោយដឹងទៀតថា នៅពេលបច្ចុប្បន្ននេះ ធនាគារពាណិជ្ជមានចំនួន ៤៤ ធនាគារឯកទេស ១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឯកជនមានចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ គ្រឹះស្ថានឥណទានជនបទចំនួន ២៥១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៥ គ្រឹះស្ថានផ្តល់សេវាទូទាត់ចំនួន ១៦ ការិយាល័យតំណាងធនាគារបរទេសចំនួន ៥ និងអាជីវកម្មប្តូរប្រាក់ចំនួន ២.៧៩៩៕
