ដោយៈ ទិន សុខាវុធ
ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ប្រាក់ខែអប្បបរមារបស់កម្មករនិងនិយោជិតបំពេញការងារក្នុងវិស័យកាត់ដេរ និង វិស័យឧស្សាហកម្មផលិតស្បែកជើង នឹងកើនដល់ចំនួន $190 ដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សាយនៅលើទំព័រ Facebook របស់ក្រសួង នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលនៅក្នុងនោះមានសមាសភាពមកពី រាជរដ្ឋាភិបាល សហជីព និង និយោជក បានបោះឆ្នោតជ្រើសរើសជ្រើសកំណត់យកប្រាក់ខែអប្បបរមាសំរាប់កម្មករនិងនិយោជិតសំរាប់ឆ្នាំ ២០២០ ខាងមុខនេះ។ ជាលទ្ធផល សន្លឹកឆ្នោតភាគច្រើនត្រូវបានបោះជ្រើសរើសយកតួលេខ $187 ដុល្លារ ជាប្រាក់ខែអប្បបរមា។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំរេចផ្តល់បន្ថែម $3 ដុល្លារថែមទៀត ទៅលើប្រាក់ខែ $187 ដុល្លារ បានមកពីការបោះឆ្នោតនេះ។ ដូចនេះ ប្រាក់ខែអប្បបរមារបស់កម្មករនិងនិយោជិតសំរាប់ឆ្នាំ ២០២០ កើនដល់ $190 ដុល្លារ។
អាស្រ័យហេតុនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិងនិយោជិតទាំងនោះសំរាប់ឆ្នាំ ២០២០ មានការកើនឡើងចំនួន $8 ដុល្លារ បើប្រៀបធៀបទៅប្រាក់ឈ្នួលអប្បបរមារបស់ពួកគេនៅក្នុងឆ្នាំ ២០១៩ នេះ ដែលមានត្រឹមតែ $១៨២ ដុល្លារប៉ុណ្ណោះ។
ជាគោលការណ៍ ចាប់តាំងពីឆ្នាំ ២០១៣ មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយតំឡើងប្រាក់ឈ្នួលអប្បបរមាអោយកម្មករនិងនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និង ឧស្សាហកម្មផលិតស្បែកជើងជារៀងរាល់ឆ្នាំ។
មិនតែប៉ុណ្ណោះ ក្រៅពីប្រាក់ឈ្នួលអប្បបរមានេះ កម្មករនិងនិយោជិតអាចទទូលបាននូវប្រាក់ឧបត្ថម្ភផ្សេងៗទៀត មានដូចជា $10 ដុល្លារថែមទៀតសំរាប់ការមកធ្វើការទៀតទាត់ និង $7 ដុល្លារថែមទៀតសំរាប់សោហ៊ុយធ្វើដំណើរនិងឈ្នួលផ្ទះជាដើម។
ទាក់ទងនឹងរឿងនេះ លោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ អ៊ិត សំហេង បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមា $190 ដុល្លារនៅកម្ពុជាខ្ពស់ជាងនៅក្នុងតំបន់ខ្លះនៅក្នុងប្រទេសវៀតណាម ដែលមានចំនួនតែ $120 ដុល្លារប៉ុណ្ណោះ និងខ្ពស់ជាងនៅប្រទេសឥណ្ឌូនេស៊ីនិងប្រទេសឡាវ ដែលនៅទីនោះ ប្រាក់ឈ្នួលអប្បបរមាមានចំនួនត្រឹមតែ $110 ដុល្លារតែប៉ុណ្ណោះ៕