We TV Cambodia

ប្រវត្តិនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បោះបាយបិណ្ឌ និងពូនភ្នំខ្សាច់

ប្រវត្តិនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បោះបាយបិណ្ឌ និងពូនភ្នំខ្សាច់


បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងប្រទេសកម្ពុជា ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ហើយជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីនេះ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ការប្រមូលឲ្យមូល ឬពូនឲ្យជាដុំ “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា (បាយបិណ្ឌ”) ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ៖៖ នៅក្នុងចំណេរកាលបុរាណបានចារថា នៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាក ដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកប្រេតជន និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណ ញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។ ប្រជាជនខ្មែរជឿថា ព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាម ហើយទទួលការផ្ដល់ជូនពីសាច់ញាត្តិ​ ឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដាសា​​​​​​ ឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសលផលបុណ្យ​ដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។


ការបោះបាយបិណ្ឌ៖ នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។

គេតែងនិយមជ្រើសរើសចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលានោះព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ព្រោះឱកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះឱ្យមករស់នៅលាយឡំជាមួយមនុស្សចាំទទួលភោគផលដែលបងប្អូនញាតិសន្ដាន ដែលញាតិឧទ្ទិសឱ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដពុំមានឃើញបងប្អូនញាតិសន្ដានណាធ្វើបុណ្យបញ្ជូនកុសលទៅឱ្យទេ ពួកគេនឹងអត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចផ្ដាសាដល់បងប្អូនញាតិកាទាំងឡាយឱ្យហិនហោចទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។


ការពូនភ្នំខ្សាច់៖ ទាក់ទិនទៅនឹងជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមានប្រយោជន៍ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួនដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោកផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles