
ដោយៈ ទិន សុខាវុធ
លោក Shigehiro Shinozaki អ្នកឯកទេសខាងផ្តល់ហិរញ្ញប្បទានសំរាប់សហគ្រាសធុនតូចនិងមធ្យម (SME) ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ប្រព័ន្ធហិរញ្ញវត្ថុឌីជីតល់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើអោយកសិករតូចតាច (smallholder farmer) អាចទទួលបាននូវទីផ្សារលក់កសិផលរបស់ពួកគេបានថ្លៃ ហើយវាក៏ជាកត្តាធ្វើអោយពួកគេអាចកាត់បន្ថយការចំណាយនៅក្នុងមុខរបររកស៊ីរបស់ពួកគេផងដែរ។
«Digital finance allows smallholder farmers to access high-value markets and technology, and reduce the cost of doing business» នេះជាការលើកឡើងរបស់លោក Shigehiro Shinozaki នៅក្នុងបទវិភាគរបស់លោកមួយមានចំណងជើងថា «Financing agriculture value chains in the digital age» ចុះផ្សាយនៅលើគេហទំព័ររបស់ ADB កាលពីពេលកន្លងទៅ។
លោក Shigehiro Shinozaki បានពន្យល់បន្ថែមថា ប្រព័ន្ធហិរញ្ញវត្ថុឌីជីតល់ គឺសំដៅទៅលើការទូទាត់ប្រាក់តាមប្រព័ន្ធ Internet និងតាមរយៈទូរស័ព្ទដៃ។
មួយវិញទៀត យោងតាមរបាយការណ៍មួយ ធ្វើឡើងដោយក្រុមហ៊ុន GSMA កាលពីឆ្នាំ ២០១៧ កន្លងទៅ នៅក្នុងចំណោមកសិករចំនួន ៧៥០ លាននាក់ នៅក្នុងប្រទេសចំនួន ៦៩ កសិករចំនួន ២៩៥ លាននាក់មានទូរស័ព្ទដៃប្រើប្រាស់។
អាស្រ័យហេតុនេះ លោក Shigehiro Shinozaki បានលើកឡើងថា ដើម្បីអោយកសិករទាំងនោះអាចតភ្ជាប់ទៅនឹងទីផ្សារកសិកម្មនៅក្នុងតំបន់និងនៅក្នុងពិភពលោក ចាំបាច់ត្រូវផ្តល់ដល់កសិករទាំងនោះនូវសេវាទូទាត់ប្រាក់នៅលើបណ្តាញ និងសេវាទីផ្សារនៅលើបណ្តាញ សំរាប់ទូរស័ព្ទដៃរបស់ពួកគាត់។
មួយវិញទៀត លោក Shigehiro Shinozaki បានគូសបញ្ជាក់ថា នៅក្នុងចំណោមសេវានៅលើបណ្តាញទាំងអស់ សេវាទូទាត់ប្រាក់មានសារសំខាន់ជាងគេ ក្នុងការពង្រីកសេវាហិរញ្ញវត្ថុឌីជីតល់ អោយបានដល់កសិករតូចតាច។ ហើយវាក៏ជាការបង្រៀននិងលើកទឹកចិត្តអោយកសិករតូចតាចទាំងនោះ អាចចាប់ផ្តើមប្រើប្រាស់និងបានស្គាល់សេវាហិរញ្ញវត្ថុឌីជីតល់បន្តិចម្តង ៗ ផងដែរ។
«Among these products, online payment is a critical instrument to extend digital financial services to smallholders. In general, cash is king in rural areas. Most smallholders do not know what digital payment is and how to use it, and are thus hesitant to go digital.»
លើសពីទៀត លោក Shigehiro Shinozaki ក៏បានលើកឡើងផងដែរថា ការបង្រៀនកសិករតូចតាចដោយផ្ទាល់ អោយស្គាល់ពីប្រព័ន្ធហិរញ្ញវត្ថុឌីជីតល់ ក៏មានសារសំខាន់ណាស់ដែរ ក្នុងការតភ្ជាប់មុខរបររកស៊ីរបស់កសិករតូចតាចទាំងនោះជាមួយគ្នា និងជាមួយនឹងទីផ្សារកសិផលក្នុងតំបន់និងក្នុងពិភពលោក៕
