We TV Cambodia

ប្រព័ន្ធសុវត្ថិភាព T2 របស់ក្រុមហ៊ុន Apple មានភាពចន្លោះប្រហោង មិនសម្រួលបាន

ប្រព័ន្ធសុវត្ថិភាព T2 របស់ក្រុមហ៊ុន Apple មានភាពចន្លោះប្រហោង មិនសម្រួលបាន

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

 

យោងតាមនាយកដ្ឋានប្រឆាំងព័ត៌មានបច្ចេកវិទ្យា បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមអ្នកវាយប្រហារបានធ្វើការផ្សព្វផ្សាយអះអាងថា ពួកគេអាចវាយលុកចូលទៅក្នុងប្រព័ន្ធសុវត្ថិភាព T2 របស់ក្រុមហ៊ុន Apple តាមរយៈវិធី Jailbreaking ដែលគេបានធ្វើដោយជោគជ័យជាមួយនឹងទូរសព្ទ iPhone ជាច្រើនឆ្នាំមកហើយនោះ។

បើតាមការបញ្ជាក់ពីអ្នកជំនាញផ្នែកសុវត្ថិភាពបានឱ្យដឹងថា ការវាយប្រហារនេះគឺអាចធ្វើទៅបាន ប៉ុន្តែវាទាមទារឱ្យមានការវាយលុកដោយប្រើកម្មវិធីពីរបញ្ចូលគ្នា Checkm8 និង Blackbird ដែលមានភាពស្មុគស្មាញ ហើយតម្រូវឱ្យមានការតភ្ជាប់ជាមួយនឹងតំណ USB-C ដើម្បីបញ្ចូលកម្មវិធី Jailbreaking។

សម្រាប់លោកអ្នកដែលពុំទាន់យល់ដឹងអំពីប្រព័ន្ធសុវត្ថិភាព T2 របស់ក្រុមហ៊ុន Apple នោះសូមស្វែងយល់ដូចតទៅ៖ ប្រព័ន្ធនេះគឺបានបង្កើតឡើងដោយបន្ថែមប្រសេសស័រ (Processor) ពិសេសមួយទៀតដើម្បីប្រើជាមួយប្រសេសស័រ របស់កុំព្យូទ័រ។ មុខងារសំខាន់ៗរបស់ប្រព័ន្ធសុវត្ថិភាពនេះគឺ ដើម្បីគ្រប់គ្រង និងដំណើរការព័ត៌មានសម្ងាត់ដូចជា លេខសម្ងាត់ ទិន្នន័យរបស់ក្រយ៉ៅម្រាមដៃសម្រាប់ប្រើជាមួយប្រព័ន្ធ TouchID និងប្រព័ន្ធគ្រប់គ្រងនៅពេលដែលលោកអ្នកបើកកុំព្យូទ័រ (Booting) ជាដើម។ ប្រព័ន្ធសុវត្ថិភាពនេះត្រូវបានប្រកាសកាលពីឆ្នាំ២០១៧ ហើយបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៨ ជាមួយនឹងកុំព្យូទ័រគ្រប់ប្រភេទរបស់ក្រុមហ៊ុន។

បើតាមការអះអាងរបស់ក្រុមអ្នកសុវត្ថិភាពបានបញ្ជាក់ថា ដោយសារភាពចន្លោះប្រហោងនេះទាក់ទងទៅនឹងផ្នែករឹង (Hardware) របស់កុំព្យូទ័រក្រុមហ៊ុន Apple នឹងពុំអាចធ្វើការកែសម្រួលបញ្ហានេះបានឡើយ ប៉ុន្តែបើលោកអ្នកមានការសង្ស័យថាប្រព័ន្ធសុវត្ថិភាព T2 ត្រូវបានវាយលុកនោះ លោកអ្នកអាចកែសម្រួលបញ្ហានេះដោយដំឡើងកម្មវិធី bridgeOS ដែលជាកម្មវិធីគ្រប់គ្រងប្រព័ន្ធនេះឡើងវិញបាន។ ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ ក៏ដូចជាដើម្បីការពារទិន្នន័យនៅក្នុងកុំព្យូទ័រ លោកអ្នកគួរតែចៀសវាងកុំឱ្យអ្នកដទៃខ្ចីកុំព្យូទ័រយកទៅប្រើប្រាស់ ឬក៏ទុកកុំព្យូទ័រចោល ដែលអាចឱ្យជនអនាមិកមានឱកាសអាចប៉ះពាល់បាន ដូចជានៅក្នុងបន្ទប់សណ្ឋាគារជាដើម៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងព័ត៌មានបច្ចេកវិទ្យា

 

Related Articles