ភ្នំពេញ៖ បើនិយាយអំពីអាជីវកម្ម ប្រភេទអាហារហូបចុកមានស្ទើតែគ្រប់ទីកន្លែងទៅហើយ មិនថានៅក្រុង ខេត្ដ ជនបទ ឬ តាមតំបន់ទីកម្សាន្ដនានានោះទេ គឺមានទាំងខ្នាតតូច មានទាំងខ្នាតធំ ជាលក្ខណៈគ្រួសារ ឬក៏ជាលក្ខណៈអាហារដ្ឋានផងដែរ។ ប៉ុន្ដែជាការកត់សំគាល់នូវទម្រង់ បែបផែននៃការរៀបចំមធ្យោបាយវេចខ្ចប់ ទំនងជាមានមិនច្រើននោះទេ ដែលម្ចាស់អាជីវកម្មទាំងនោះ នឹកឃើញ ទៅដល់ ការប្រើប្រាស់វិធីវេចខ្ចប់បែបបុរាណយ៉ាងពេញនិយម នោះគឺការប្រើប្រាស់ ស្លឹកឈូក ឬស្លឹកចេកជាដើម។
ថ្មីៗនេះនៅលើបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក មានការចែករំលែកតៗគ្នា នូវកម្រងរូបភាពជាច្រើនសន្លឹកស្ដែងចេញអំពី មធ្យោបាយនៃការវេចខ្ចប់អាហារនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ សួនមេអំបៅ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ សកម្មភាពនៃការវេចខ្ចប់ទម្រង់បែបនេះ បានធ្វើឲ្យមហាជន ជាច្រើនមានការកោតសរសើរ ចាប់អារម្មណ៍ជាខ្លាំង ជពិសេស អ្នកនិយមស្រលាញ់ការពារបរិស្ថាន។
បើតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញឲ្យដឹងថា ម្ចាស់អាជីវកម្មភោជនីយដ្ឋាន សួនមេអំបៅ លោក ដុក ឌេត បានទទួលការកម្ម៉ង់បាយខ្ចប់ស្លឹកឈូកប្រភេទនេះ ប្រមាណជា១០០០ កញ្ចប់ក្នុងមួយខែ។ ហើយមូលហេតុដែលភោជនីយដ្ឋានលោក សម្រេចចិត្ដប្រើប្រាស់ស្លឹកឈូក គឺដើម្បីជួយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច និងជួយថែរក្សាបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះទៀតសោធ លោក ក៏ជម្រុញលើកទឹកចិត្ដដល់ម្ចាស់អាជីវកម្មផ្សេងទៀត ឲ្យប្រើប្រាស់ការវេចខ្ចប់ដូច្នឹងផងដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេស ប៊ុក
