បន្ទាប់ពីក្រសួងអប់រំបានប្រកាសកាលពីម្សិលមិញនេះថា ក្រសួងនឹងលើកពេលប្រលងបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូនេះ ទៅប្រលងនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ វិញ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សា បានស្នើដល់ក្រសួងអប់រំឱ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិតែម្ដង។
លោកហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងនៅព្រឹកថ្ងៃទី៨ ខែធ្នូថា «ខ្ញុំបានស្នើសុំឲ្យក្រសួងអប់រំរក្សាការប្រឡងបាក់ឌុបនៅថ្ងៃទី២១ ដដែល ប៉ុន្តែក្នុងករណីប្រឡងមិនបានធ្វើឡើងតាមកាលបរិច្ឆេទនោះទេដោយស្នើសុំឲ្យជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមនៃថ្នាក់ទី១២ ដើម្បីកំណត់ជាប់ ឬធ្លាក់តែម្តង»។
លោកបានបន្ថែមថា «ការស្នើសុំឲ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមនៃថ្នាក់ទី១២ នេះ ក៏ដោយសារតែសមាគមគិតអំពីអារម្មណ៍របស់សិស្ស ដែលពន្យារពេលរហូតតាំងពីខែកញ្ញា ហើយបន្ដពន្យាររហូតមកដល់ខែធ្នូ និងបន្ដពន្យារពេលរហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១បន្ថែមទៀត។ ចុះបើដល់ពាក់កណ្តាលខែមករា មិនអាចប្រឡងបានទៀត តើក្រសួងនឹងត្រូវបន្តពន្យារពេលបន្ដទៀត ឬមួយទុកឲ្យសិស្សឌុបថ្នាក់ និយាយសុំបញ្ជាក់ឲ្យច្បាស់មកយ៉ាងដូចម្ដេចបានជាមិនព្រមយកមធ្យមភាគនៃថ្នាក់ទី១២ មកវាយតម្លៃទៅ? បើបច្ចុប្បន្ន ស្ថានភាពកូវីដ-១៩កំពុងតែរាតត្បាតបែបនេះ ទៅរកគុណភាពសិក្សាម្ដេចនឹងកើត?»
សូមជម្រាបថា ជារៀងរាល់ឆ្នាំការប្រលងបាក់ឌុបប្រព្រឹត្តទៅនៅសប្ដាហ៍ទី៣ នៃខែសីហា ប៉ុន្តែដោយសារឆ្នាំ២០២០ នេះមានការផ្ទុះកូវីដ១៩ ទើបក្រសួងសម្រេចលើកពេលប្រលងទៅថ្ងៃទី២១ខែធ្នូខាងមុខនេះវិញ។ តែគួរឲ្យស្ដាយ កម្ពុជាទើបនឹងមានការផ្ទុះកូវីដ១៩ ក្នុងសហគមន៍ធ្វើឲ្យក្រសួងសម្រេចលើកពេលប្រលងម្ដងទៀតទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញតែម្ដង។
អត្ថបទដោយ៖ Nevin
