
ដោយៈ ទិន សុខាវុធ
ជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Yaw Foo Heo អាយុ ៣៩ ឆ្នាំ ត្រូវបានគេអះអាងថាជាម្ចាស់ក្រុមហ៊ុន GCG Asia ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីថ្ងៃសុក្រសប្តាហ៍មុន កាត់ទោសអោយជាប់គុករយៈពេល ១ ឆ្នាំប៉ុន្តែត្រូវអនុវត្តទោសតែ ៥ ខែនិង ៦ ថ្ងៃនៅក្នុងពន្ធនាគារ ទោសដែលនៅសល់ត្រូវព្យួរ។
ជនជាតិម៉ាឡេស៊ីរូបនោះត្រូវបានជាប់ទោសពីបទប៉ុនប៉ងក្លែងបន្លំ ក្រោយពីគាត់បានប្រើប្រាស់ឈ្មោះធនាគារជាតិនៃកម្ពុជា និងឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកេងយកផលប្រយោជន៍សំរាប់ធ្វើជំនួញអចលនទ្រព្យ និងរូបិយប័ណ្ណឌីជីថល (Cryptocurrency) ។
នៅក្នុងសវនការ លោកចៅក្រម ឡេ សុខា បានមានប្រសាសន៍ថា ជនជាប់ចោទ Yaw Foo Heo ត្រូវមានទោសពីបទប៉ុនប៉ងក្លែងបន្លំ ដូចមានចែងនៅក្នុងមាត្រា ៣៧៧ មាត្រា ៣៧៨ និងមាត្រា ៣៨១ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីជនជាប់ចោទបានផ្សព្វផ្សាយជាលក្ខណៈបោកប្រាស់ នៅលើគេហទំព័ររបស់ក្រុមហ៊ុន GCG Asia ។
ពិរុទ្ធជន Yaw Foo Heo ត្រូវបានប៉ូលីសសន្តិសុខផ្ទៃក្នុងកម្ពុជាចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅ នៅក្នុងផ្ទះជួលរបស់គាត់ក្នុងរាជធានីភ្នំពេញ។
ការចាប់ខ្លួនលោក Yaw Foo Heo ត្រូវបានធ្វើឡើង បន្ទាប់ពីជនជាប់ទោសរូបនេះបានបង្ហោះរូបថតរបស់ខ្លួនថតជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីមួយ។
គោលបំណងនៃការបង្ហោះរូបថតនេះ ត្រូវបានតុលាការចាត់ទុកថាជាការផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញអ្នកវិនិយោគទាំងឡាយអោយចូលហ៊ុន ក្នុងអាជីវកម្មអចលនទ្រព្យរបស់គេ។
មួយវិញទៀត ពិរុទ្ធជន Yaw Foo Heo ក៏ត្រូវបានតុលាការចោទប្រកាន់ផងដែរពីបទកុហកបោកប្រាស់សាធារណជនថា ក្រុមហ៊ុនរបស់គេត្រូវបានចុះឈ្មោះជាមួយនឹងធនាគាតជាតិនៃកម្ពុជា ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ទាក់ទងនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សរសេរនៅលើទំព័រ Facebook របស់លោកថា ក្រុមហ៊ុន GCC Asia បានប្រើឈ្មោះនិងរូបភាពរបស់លោក ក្នុងគោលបំណងផ្សព្វផ្សាយពីក្រុមហ៊ុនរបស់ពួកគេ។ សម្តេច ហ៊ុន សែន ក៏បានប្រកាសផងដែរ អោយប្រជាពលរដ្ឋ និង ពាណិជ្ចករទាំងក្នុងនិងក្រៅប្រទេស ប្រុងប្រយ័ត្នពីក្រុមហ៊ុនមួយនេះ៕
