We TV Cambodia

ប្រទេសឥណ្ឌា បានបិទកម្មវិធីដែលមានដើមកំណើតចិនចំនួន ១១៨ បន្ថែមទៀត

ប្រទេសឥណ្ឌា បានបិទកម្មវិធីដែលមានដើមកំណើតចិនចំនួន ១១៨ បន្ថែមទៀត

សម្រួលអត្ថបទដោយ៖ ពេជ្រ

កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសធ្វើការត្រួតពិនិត្យដើម្បីហាមឃាត់កម្មវិធីដែលមានដើមកំណើតចិនចំនួន ២៧៥ ជាលទ្ធផលឥណ្ឌាបានសម្រេចបិទកម្មវិធីចំនួន ១១៨ កាលពីម្សិលមិញនេះ ហើយ ក្នុងចំណោមកម្មវិធីដែលត្រូវបានបិទទាំងនោះ មាន៣កម្មវិធី ដែលជារបស់ក្រុមហ៊ុន Alibaba គឺ Alipay Taobao និង Youku ព្រមទាំងកម្មវិធីថតរូបភាព Ulike និងហ្គេម PUBG Mobile ដែលមានអ្នកប្រើប្រាស់ដល់ទៅជាង ៤០លាននាក់ នៅក្នុងប្រទេសឥណ្ឌា។

រដ្ឋាភិបាលប្រទេសឥណ្ឌាបានថ្លែងថា ពួកគេបានទទួលនូវសេចក្ដីរាយការណ៍នូវភាពមិនប្រក្រតី ទាក់ទងនឹងកម្មវិធីទាំងនេះ ថាបានលួចយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ក្រសួងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌាក៏បានបន្ថែមថា ការលួចយកទិន្នន័យទាំងនេះគឺវាមានការប៉ះពាល់ទៅលើសន្តិសុខជាតិ និងអធិបតេយ្យភាពរបស់ប្រទេសឥណ្ឌា។ ម្យ៉ាងវិញទៀតប្រទេសនេះកំពុងតែតាក់តែង បទបញ្ជាដែលទាមទារឱ្យក្រុមហ៊ុនមានការអនុញ្ញាតពីអ្នកប្រើប្រាស់មុនដែលពួកគេអាចប្រើទិន្នន័យឯកជនភាពទាំងនោះបាន។

គួររំឭកផងដែរថាកាលពីខែមិថុនា ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិន ចំនួន ៥៩ កម្មវិធីរួចមកហើយ ដែលមានដូចជា TikTok WeChat និង UC Browser ជាដើម។ ដូច្នេះរហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានបិទកម្មវិធី ដែលមានប្រភពពីប្រទេសនេះចំនួន ១៧៧ រួចហើយ។

សូមបញ្ជាក់បន្ថែមទៀតថា កម្មវិធីដែលរដ្ឋាភិបាលប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ សុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ២០០លាននាក់ និងហ្គេម PUBG Mobile ក៏មានចំនួនអ្នកលេងច្រើនជាង ៤០លាននាក់នៅក្នុងប្រទេសនេះ៕

ប្រភព៖ នគរបាលបទល្មើសបច្ចេកវិទ្យា

 

 

 

Related Articles