We TV Cambodia

ប្រទេសអាស៊ានដំបូងគេអនុញ្ញាតឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech

ប្រទេសអាស៊ានដំបូងគេអនុញ្ញាតឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech

កាលពីថ្ងៃចន្ទម្សិលមិញនេះ នាយករដ្ឋមន្ត្រីសិង្ហបុរីលោកលី ស៊ានឡុង បានប្រកាសយ៉ាងច្បាស់ៗថា លោកបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ដែលជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកជាមួយនឹងអាឡឺម៉ង់ក្នុងប្រទេសរបស់ខ្លួននៅចុងខែនេះ។

លោកបន្តថា ការឆ្លងកូវីដ១៩ ក្នុងប្រទេសសិង្ហបុរីធ្លាប់ឈានដល់ចំណុចកំពូល ដោយកាកលពីខែមីនា និងខែមេសា មានអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសនេះមានរហូតដល់ជាង ១ពាន់ករណីក្នុងមួយថ្ងៃៗ ប៉ុន្តែគិតមកទល់ខែធ្នូនេះ ស្ថានភាពកូវីដ១៩ នៅសិង្ហបុរីគឺអាចទប់ស្កាត់បាន និងមិនមានការឆ្លងជាលក្ខណៈសហគមន៍ទៀតនោះទេ។

គួរឲ្យដឹងផងដែរ សិង្ហបុរីជាប្រទេសទីមួយហើយក្នុងតំបន់អាស៊ាន ដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech ដោយកន្លងមកឥណ្ឌូណេស៊ីជាប្រទេសដែលសម្រេចចាក់វ៉ាក់សាំងដំបូងគេដល់ប្រជាជនរបស់ខ្លួន គឺបានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech មិនមែនរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech ឡើយ។

សូមជម្រាបថា ការចាក់វ៉ាក់សាំងក្នុងប្រទេសសិង្ហបុរីនេះ នឹងត្រូវចាក់ដោយឥតគិតថ្លៃ ហើយអ្នកដែលនឹងត្រូវចាក់វ៉ាក់សាំងមុនគេគឺ បុគ្គលិកបម្រើការងារជួរមុខ, មនុស្សមានវ័យចំណាស់ និងក្រុមអ្នកស្ម័គ្រចិត្តនានា។ ដោយឡែកជនបរទេស ដែលធ្វើការស្នាក់នៅសិង្ហបុរីក្នុងរយៈពេលវែង ក៏នឹងទទួលបានការចាក់វ៉ាក់សាំងខាងលើនេះដោយមិនគិតថ្លៃផងដែរ៕

អត្ថបទដោយ៖ Nevin

Related Articles