We TV Cambodia

ប្រទេសអាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទាន $35 លានដុល្លារ សំរាប់ពង្រីកបណ្តាញអគ្គិសនីនៅតាមតំបន់ជនបទ

ប្រទេសអាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទាន $35 លានដុល្លារ សំរាប់ពង្រីកបណ្តាញអគ្គិសនីនៅតាមតំបន់ជនបទ
រូបថតៈ ធនាគារពិភពលោក

ដោយៈ ទិន សុខាវុធ

រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍អាល្លឺម៉ង់ បានសំរេចផ្តល់ហិរញ្ញប្បទានចំនួន $35 លាន​ដុល្លារ​អោយ​ដល់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុង​ការពង្រីកវិស័យ​អគ្គិសនីនៅតាមតំបន់​ជនបទក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ កាលពីសប្តាហ៍មុន លោក Julian Schutz តំណាងធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (German Development Bank) បានចុះហត្ថលេខាជាមួយ​នឹងលោករដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​កម្ពុជា អូន​ ព័ន្ធមុនីរ័ត្ន សំរាប់កិច្ចព្រមព្រៀង​ផ្តល់ហិរញ្ញប្បទាន​នេះ​។

ជាលទ្ធផល ហិរញ្ញប្បទាន​ចំនួន $35 លាន​ដុល្លារ​នេះ​ ដែល​នៅក្នុង​នោះ​​ទឹក​ប្រាក់​ចំនួន $33 លាន​ដុល្លារ​ជា​កំចី​សម្បទាន និង $2 លាន​ដុល្លារទៀត​ជា​ជំនួយ​ឥត​សំណង នឹង​ត្រូវ​ផ្តល់អោយ​ទៅ​​ស្ថាប័ន​​រដ្ឋ​ស្វយ័ត «អគ្គិសនីកម្ពុជា» (EDC) ក្នុង​ការ​សាងសង់​​ស្ថានីយ​អគ្គិសនីរងមួយ​ក្នុង​ខេត្ត​រៀមរាប និងបង្គោលខ្សែ​ភ្លើងប្រវែង​ប្រមាណ ៣២០ គីឡូម៉ែត្រ​ ឆ្លងកាត់​ខេត្តសៀមរាប ​ខេត្ត​ឧត្តរមានជ័យ និង ខេត្ត​ព្រះ​វិហារ​។

ទាក់ទងនឹងរឿង​នេះ លោក Victor Jona អគ្គនាយក​នៃ​នាយកដ្ឋានថាមពល​របស់​ក្រសួង​រ៉ែ​និងថាមពល បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាលបច្ចុប្បនបានដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​មួយ ដែល​នឹង​ធ្វើ​អោយ​ភូមិ​ទាំអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អគ្គិសនីប្រើប្រាស់​នៅ​ត្រឹម​ឆ្នាំ ២០២០ ។ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ៩៤% នៃភូមិចំនួន ១៤,១៦៨ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​ភ្ជាប់​ទៅ​បណ្តាញ​ចរន្ត​អគ្គិសនី​៕

Related Articles