We TV Cambodia

ប្រទេសស្វីសនឹងជួយពង្រឹងសមត្ថភាពក្នុងការបង្កើនផលិតផលកសិកម្មដល់កម្ពុជា

ប្រទេសស្វីសនឹងជួយពង្រឹងសមត្ថភាពក្នុងការបង្កើនផលិតផលកសិកម្មដល់កម្ពុជា
វិស័យកសិកម្មនៅកម្ពុជា (ប្រភព៖ វេង សាខុន)

ប្រទេសស្វីស សន្យានឹងជួយពង្រឹងសមត្ថភាពក្នុងការបង្កើនផលិតផលកសិកម្មដល់កម្ពុជា ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បន្ទាប់ពីមានការស្នើសុំពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

វិស័យកសិកម្មនៅកម្ពុជា (ប្រភព៖ វេង សាខុន)

ក្នុងជំនួបពិភាក្សាមួយរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឯកឧត្តម វេង សាខុន បានស្នើដល់ភាគីស្វីស ជួយពិនិត្យលទ្ធភាពពង្រឹងសមត្ថភាពមន្ត្រី និងប្រជាកសិករ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រប្រព័ន្ធស្រោចស្រព ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹក និងការសិក្សាផ្សេងៗ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ជំនួបរវាង ឯកឧត្តម វេង សាខុន ជាមួយលោក Markus Buerli (ប្រភព៖ info,gov)

ជាការឆ្លើយតប លោក Markus Buerli បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងឯកភាពចំពោះកង្វល់របស់ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក និងកម្ពស់ទឹកនៅទន្លេមេគង្គភាគី។ លើសពីនេះ ស្វីសកំពុងធ្វើការពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍មួយដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ ដើម្បីរៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករនៅកម្ពុជា។

វិស័យកសិកម្មនៅកម្ពុជា (ប្រភព៖ វេង សាខុន)

លើសពីនេះទៅទៀត ភាគីស្វីសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដោយគ្រោងនឹងចុះកិច្ចព្រមព្រៀង លើការអនុវត្តគម្រោងមួយផ្សេងទៀត ដែលជាគម្រោងជំរុញខ្សែច្រវាក់ផលិតកម្មដំណាំសាកវប្បកម្ម ហៅថាគម្រោងបន្លែ ផ្លែឈើកម្ពុជា CHAIN ជំហានទី៣ ពីខែមករា ឆ្នាំ២០២១ ដល់ ខែធ្នូ ឆ្នាំ២០២២៕

អត្ថបទដោយ៖ Nevin

Related Articles