We TV Cambodia

ប្រទេសនៅអាស៊ានមួយទទួលបានវ៉ាក់សាំងកូវីដ១៩ ១,២លានដូសពីក្រុមហ៊ុនចិន

ប្រទេសនៅអាស៊ានមួយទទួលបានវ៉ាក់សាំងកូវីដ១៩ ១,២លានដូសពីក្រុមហ៊ុនចិន

ប្រទេសឥណ្ឌូណេស៊ីទើបតែទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រមាណ ១,២លានដូសពីក្រុមហ៊ុន Sinovac Biotech របស់ចិនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទោះបីវ៉ាក់សាំងនេះកំពុងស្ថិតក្នុងការធ្វើតេស្តនៅឡើយក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានប្រកាសថា ប្រទេសរបស់លោកបានទទួលវ៉ាក់សាំង ១,២លានដូសពីប្រទេសចិន បន្ទាប់វ៉ាក់សាំងនេះបានយកមកធ្វើតេស្តទ្រង់ទ្រាយធំក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីខែសីហាកន្លងទៅ។

លោកបន្តថា «យើងបានត្រៀមរៀបចំអស់ជាច្រើនខែ តាមរយៈការសាកល្បងនៅក្នុងខេត្តមួយចំនួន ហើយខ្ញុំប្រាកដថា នៅពេលដែលយើងសម្រេចថានឹងប្រើវាបាន នោះយើងអាចចាប់ផ្តើមចាក់វ៉ាក់សាំង ហើយអ្វីគ្រប់ៗយ៉ាងនឹងត្រូវត្រៀមឲ្យរួចរាល់»។

សូមជម្រាបថា គិតមកទល់ពេលនេះ ឥណ្ឌូណេស៊ីមានអ្នកឆ្លងកូវីដ១៩ សរុបជាង ៥៧ម៉ឺននាក់ និងមានអ្នកស្លាប់រហូតដល់ ១៧,៧៤០នាក់ឯណោះ ដែលជាចំនួនដ៏ច្រើនជាងគេបំផុតក្នុងតំបន់អាស៊ាន។

អត្ថបទដោយ៖ Nevin

Related Articles