
ដោយៈ ទិន សុខាវុធ
ចាប់ពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩ រហូតដល់ថ្ងែទី ១ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ក្រសួងវប្បធម៌ថៃនឹងអនុញ្ញាតអោយបណ្តាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចូលទស្សនាប្រាសាទបុរាណខ្មែរនានានៅក្នុងទឹកដីថៃ ដោយមិនលក់សំបុត្រយកប្រាក់ឡើយ ដើម្បីជូនជាកាដូឆ្នាំថ្មីដល់ភ្ញៀវទេសចរណ៍ទាំងនោះ។
គួររំលឹកឡើងវិញថា កាលពីអតីតកាល ជនជាតិខ្មែរយើងបានធ្វើសង្គ្រាមពង្រីកទឹកដី បង្កើតបានជាអាណាចក្រមួយមានឈ្មោះថា «អាណាចក្រខ្មែរ» (The Khmer Empire) ដែលបានត្រួតត្រាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដែលនៅពេលបច្ចុប្បន្ននេះគឺជាតំបន់ដែលមានប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាមភាគខាងត្បូង។
ដែនអាណាចក្រខ្មែរត្រូវបានបង្កើតដោយព្រះចៅអធិរាជ ព្រះបាទជ័យវរ្ម័នទី ២ នៅក្នុងកំឡុងឆ្នាំ ៨០២ នៃគ្រឹស្តសករាជ និងត្រូវបានរលំរលាយទៅវិញនៅក្នុងសតវត្សទី ១៥ ។ ជាលទ្ធផល ប្រាសាទដែលមានរចនាបទខ្មែរជាច្រើនត្រូវបានសង់ឡើងនៅក្នុងខេត្តមួយចំនួន ដែលនៅពេលបច្ចុប្បន្ននេះ ជាខេត្តរបស់ថៃមានដូចជាខេត្ត ប៊ូរីរ៉ាម (បុរីរាម) សុខោទ័យ និង ស្រះកែវជាដើម៕









