
ដោយៈ ទិន សុខាវុធ
ប្រទេសថៃគ្រោងនឹងធ្វើជាអ្នករៀបចំមហោស្រពដើម «កញ្ឆា» ដំបូងគេបំផុតនៅឆ្នាំ ២០២០ ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីផលប្រយោជន៍របស់ដំណាំគ្រឿងញៀនមួយនេះ ដែលអាចជួយជំរុញសេដ្ឋកិច្ចប្រទេសថៃ អោយកាន់តែរីកចំរើន។
ទាក់ទងនឹងរឿងនេះ បណ្តាសមាគមនិងអ្នកស្រាវជ្រាវថៃទាំងឡាយ បានចុះហត្ថលេខាសហការគ្នា គ្រោងរៀបចំហោស្រពនេះ នៅចន្លោះថ្ងៃទី ២៩ មករា និងថ្ងៃទី ២ កុម្ភៈ នៅឆ្នាំក្រោយ នៅលើផ្ទៃដីប្រមាណ ១៦ ហិកតា ស្ថិតក្នុងខេត្ត Nakhon Phanom ។
យោងតាមកាសែតអនឡាញថៃ ភ្ញៀវជាតិនិងអន្តរជាតិមកពីប្រទេសជាច្រើន មានដូចប្រទេស ចិន ជប៉ុន និង សហរដ្ឋជាដើម នឹងត្រូវអញ្ជើញអោយចូលរួមក្នុងមហោស្រពនោះ ក្នុងគោលបំណងធ្វើយ៉ាងណាអោយពួកគេយល់ពីអត្ថប្រយោជន៍ដ៏ត្រឹមត្រូវរបស់ដំណាំគ្រឿងញៀនមួយនេះ ថាវាក៏អាចប្រើប្រាស់សំរាប់ផលិតឱសថដ៏សក្តិសិទ្ធិផងបានដែរ។
ចាប់តាំងពីច្បាប់ស្តីពីដំណាំកញ្ឆាស្របច្បាប់ត្រូវបានដាក់ប្រកាសអោយប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ ២០១៨ មក ប្រជាជនថៃបានចាប់អារម្មណ៍ជាខ្លាំងទៅនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ដំណាំគ្រឿងញៀនមួយនេះ។
យ៉ាងណាម៉ិញ រហូតមកដល់ពេលបច្ចុប្បន្ននេះ កញ្ចប់ឱសថថ្នាំកញ្ឆាជាច្រើនកញ្ចប់ ត្រូវបានចែកអោយអ្នកជំងឺនៅតាមន្ទីរពេទ្យរដ្ឋនានា នៅក្នុងប្រទេសថៃ និងត្រូវបានចែកចាយអោយដល់ប្រជាពលរដ្ឋថៃទាំងឡាយ ដែលទទួលបានការគាំពារសេវាសុខភាពពីរាជរដ្ឋាភិបាលថៃ។
ក៏ប៉ុន្តែ ប្រការនេះមិនមែនមានន័យថា ជនណាក៏អាចទិញកញ្ចប់ថ្នាំកញ្ឆានេះបានដែរ គឺកញ្ចាប់ថ្នាំកញ្ឆានេះត្រូវផលិតឡើងតែសំរាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ។
បើតាមលោកវេជ្ជបណ្ឌិតថៃ Wirot Poonsuwan កញ្ចប់ថ្នាំកញ្ឋានេះ គឹសំរាប់តែអ្នកជំងឺណាដែលមានជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីកដំណាក់កាលចុងក្រោយ ជំងឺញ័រដៃជើង Parkinson និងជំងឺឆ្កួតជ្រូកជាដើម។
ជាលទ្ធផល កាលពីខែ កញ្ញា កន្លងទៅ ដើមកញ្ឆាចំនួន ១២,០០០ ដើមត្រូវបានបណ្តុះធ្វើពូជនៅឯសកលវិទ្យាល័យ Maejo ក្នុងខេត្តឈាងម៉ៃ។ ដូចនេះ ពូជដើមកញ្ឆាប្រហែលជា ២ តោននឹងត្រូវគេយកទៅដាំនៅកន្លែងផ្សេងៗទៀត នៅក្នុងខែកម្ភៈខាងមុខនេះ៕
