We TV Cambodia

ប្រទេសជប៉ុនផ្តល់ជំនួយ ៤លានដុល្លារដល់គណៈកម្មការទន្លេមេគង្គ

ប្រទេសជប៉ុនផ្តល់ជំនួយ ៤លានដុល្លារដល់គណៈកម្មការទន្លេមេគង្គ
លោកអាន ពេជ្រហត្ថដា និងលោក Keizo Takewaka (ប្រភព៖ Google)

រដ្ឋាភិបាលជប៉ុនបានផ្ដល់ទឹកប្រាក់ប្រមាណ ៤លានដុល្លាឲ្យទៅគណៈកម្មការអង្គការទន្លេមេគង្គ ដែលជាអង្គការអន្តរជាតិមានបួនប្រទេសចូលរួមដូចជា៖ កម្ពុជា ថៃ ឡាវ និងវៀតណាមដើម្បីរួមគ្នាគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍន៍ទន្លេមេគង្គ។

ជំនួយប្រមាណ ៣,៩លានដុល្លារបានប្រកាសក្នុងកំឡុងពេលនៃការចុះហត្ថលេខារវាងនាយកលេខាធិការដ្ឋាន MRC លោក​អាន ពេជ្រហត្ថដា និងលោក Keizo Takewaka ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសឡាវដែលបានធ្វើឡើងនៅទីស្នាក់ការលេខាធិការដ្ឋាន MRC ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ យោងតាមសេចក្តីថ្លែងការណ៍លេខាធិការដ្ឋានរបស់ MRC ប្រាប់ថាថវិកានឹងត្រូវបានបែងចែកជាបណ្តើរៗរហូតដល់ឆ្នាំ២០២៣។

ទឹកជំនន់តាមដងទន្លេមេគង្គ (ប្រភព៖ Google)

ទឹកប្រាក់នេះដែរគឺប្រើប្រាស់ដើម្បីប្រែក្លាយមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ និងភាពរាំងស្ងួតក្នុងតំបន់ទន្លេមេគង្គក្រោមមានដូចជាប្រទេសកម្ពុជា វៀតណាម និងឡាវ ឲ្យមានលទ្ធភាពក្នុងការព្យាករណ៍ និងផ្ដល់ពត៌មានឲ្យបានលឿន និងមានប្រសិទ្ធិភាពជាងមុនដោយការប្រើប្រាស់បច្ចេកវិទ្យា។

ក្នុងពិធីនោះដែរលោក Takewaka បាននិយាយថាជំនួយឥតសំណងនេះគឺតំណាងឱ្យការជឿទុកចិត្ត និងភាពជឿជាក់របស់ប្រទេសជប៉ុនលើគណៈកម្មការទន្លេមេគង្គក្នុងការងាររបស់ខ្លួនដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនិងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកនៅក្នុងអាងទន្លេមេគង្គ។

គ្រោះរាំងស្ងួត (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០១មក ប្រទេសជប៉ុនបានផ្តល់ថវិកាជាច្រើនដល់គណៈកម្មការទន្លេមេគង្គដើម្បីគាំទ្រគម្រោងជាច្រើនរួមមាន គម្រោងគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត, ប្រព័ន្ធធារាសាស្ត្រ, ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន, ជួយសាងសង់មជ្ឈមណ្ឌលគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ក្នុងតំបន់ដែលបំពាក់ឧបករណ៍ និងបច្ចេកវិទ្យាចាំបាច់ដើម្បីផ្តល់ការព្យាករណ៍ទឹកជំនន់ប្រចាំថ្ងៃ និងការត្រួតពិនិត្យទឹកទន្លេក្នុងតំបន់ជាដើម។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles