
ដោយៈ ទិន សុខាវុធ
រដ្ឋាភិបាលចិន តាមរយៈលោកនាយករដ្ឋមន្ត្រី Li Keqiang បានយល់ព្រមផ្តល់ហិរញ្ញប្បទាន សំរាប់ការអភិវឌ្ឍខេត្ត ព្រះសីហនុ ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
យោងតាមទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងជំណួបប្រជុំជាមួយនឹងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នាឱកាសប្រជុំកំពូលនៃសមាគមប្រទេសអាស៊ានលើកទី ៣៥ នៅទីក្រុង បាងកក ប្រទេសថៃ សម្តេច ហ៊ុន សែន បានស្នើសុំអោយប្រទេសចិនផ្តល់ហិរញ្ញប្បទានសំរាប់ការអភិវឌ្ឍទាំងឡាយនៅក្នុងខេត្ត ព្រះសីហនុ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Li Keqiang បានយល់ព្រមគាំទ្របណ្តាគំរោងវិនិយោគនៅខេត្ត ព្រះសីហនុ។ ហើយលោកបានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកនឹងពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ពីហិរញ្ញប្បទានសំរាប់ការអភិវឌ្ឍនេះ ជាពិសេសហិរញ្ញប្បទានដែលជាជំនួយឥតសំណង។
«ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានគាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុនេះ ហើយឯកឧត្តមមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ» នេះជាសំនេរនៅលើទំព័រ Facebook របស់សម្តេច ហ៊ុន សែន ។
Facebook សម្តេច ហ៊ុន សែន បានសរសេរបន្តទៀតថា មូលហេតុដែលសម្តេចសុំអោយប្រទេសចិនផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍខេត្ត ព្រះសីហនុ ដោយសារនៅទីនោះ មានក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងធ្វើការវិនិយោគ។
មួយវិញទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទាននេះ នឹងត្រូវធ្វើឡើងនៅខេត្ត ព្រះសីហនុ មុនដំណាច់ឆ្នាំ ២០១៩ នេះ ហើយភាគីចិនក៏បានយល់ព្រមគាំទ្រការរៀបចំអោយមានកិច្ចប្រជុំនេះផងដែរ។
«ទាក់ទងនឹងកិច្ចប្រជុំលើកទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយសម្ដេចតេជោបានស្នើឱ្យមានជំនួបនេះមុនបំណាច់ឆ្នាំ២០១៩ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេត្តព្រះសីហនុនោះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរផងដែរ។»
ទាក់ទងនឹងរឿងនេះ លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានអោយដឹងថា ប្រទេសចិននៅតែជាប្រទេសនាំមុខគេក្នុងការវិនិយោគនៅក្នុងខេត្តរបស់លោក មានដូចជាការវិនិយោគក្នុងវិស័យរោងចក្រ ដឹកជញ្ជូន ទេសចរណ៍ ល្បែងស៊ីសង និង សំណង់ ជាដើម៕

