We TV Cambodia

ប្រទេសក្បែរខាងកម្ពុជាសម្រុកផលិតឡានខ្លួន​ឯង ខណៈកម្ពុជាកំពុងជាប់ដៃធ្វើប័ណ្ណបើកបរពិសេស

ប្រទេសក្បែរខាងកម្ពុជាសម្រុកផលិតឡានខ្លួន​ឯង ខណៈកម្ពុជាកំពុងជាប់ដៃធ្វើប័ណ្ណបើកបរពិសេស

កាលពីឆ្នាំ២០១៧ កន្លងទៅ វៀតណាមបានប្រកាសពីជោគជ័យរបស់ខ្លួនក្នុងការផលិតរថយន្តបានដោយខ្លួនឯងតាមរយៈក្រុមហ៊ុនមួយឈ្មោះ Vinfast ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយរបស់វៀតណាមគឺ Vingroup ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏បានដាក់ផែនការក្នុងការនាំចេញរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ រួមមាន៖ អាមេរិក, អឺរ៉ុប និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។

 

ជាមួយគ្នានេះ ប្រទេសឡាវ ដែលជាប្រទេសក្បែរខាងកម្ពុជាមួយដែរ និងជាប្រទេសដែលតែងតែត្រូវបានគេចាត់ទុកថា មានភាពអន់ថយជាងកម្ពុជានោះ បែរជាបានបង្ករភាពភ្ញាក់ផ្អើលតាមរយៈកាប្រកាសពីជោគជ័យរបស់ខ្លួនក្នុងការផលិតរថយន្តបានដោយខ្លួនឯងតាយរយៈក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ DAEHAN ហើយក្រុមហ៊ុននេះក៏បាននាំចេញរថយន្តរបស់ខ្លួនទៅកាន់ប្រទេសចំនួន៤ ផងដែរដូចជា វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។

 

ដោយឡែកកម្ពុជាវិញ មិនសូវបានចាប់អារម្មណ៍ទៅលើការផលិតរថយន្តអ្វីនោះទេ ពោលគឺកម្ពុជាកំពុងសម្ងំប័ណ្ណបើកបរពិសេសមួយ ដែលអាចប្រើប្រាស់ជាអន្តរជាតិបាន ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ប្រទេសផ្សេង និងអាចមានសិទ្ធិក្នុងការបើកបររថយន្តបាន។

 

សូមជម្រាបថា ប្រទេសនៅជុំវិញកម្ពុជាទាំងអស់រួមមាន ប្រទេសថៃ ឡាវ និងវៀតណាមបានប្រឹងប្រែងក្នុងការធ្វើយ៉ាងណាឲ្យប្រជាជនរបស់ខ្លួនអាចទទួលបាននូវរថយន្តថ្មីសម្រាប់ប្រើប្រាស់ និងក្នុងតម្លៃទាប ដោយឡាវ និងវៀតណាមបានខិតខំជម្រុញការផលិតរថយន្តក្នុងស្រុកដោយខ្លួនឯង។

 

ចំណែក ប្រទេសថៃវិញ ទោះមិនបានផលិតរថយន្តដោយខ្លួនឯង តែប្រទេសនេះមានរោងចក្រដំឡើងរថយន្តជាច្រើនក្នុងប្រទេសរបស់ខ្លួន ហើយរដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់ពលរដ្ឋខ្លួនរយៈពេល ៥ឆ្នាំ ដើម្បីឲ្យពួកគេមានលទ្ធភាពទិញឡាវថ្មី និងឡានអគ្គិសនី ដែលមានតម្លៃធូរថ្លៃមកជិះ។

អត្ថបទដោយ៖ Nevin

Related Articles