We TV Cambodia

ប្រទេសកម្ពុជាអាចនឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពមានអាសន្ន

ប្រទេសកម្ពុជាអាចនឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពមានអាសន្ន

សម្ដេចតេជោ ហ៊ុន សែន កំពុងស្ថិតក្នុងការពិចារណា ទូលថ្វាយសូម ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងស្ថានភាពមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងតែពង្រីកខ្លួន​។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាស សម្ដេចជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព។ មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន”។

ចំពោះការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ គឺមានប្រទេសដទៃគេបានធ្វើរួចហើយ ក្នុងនោះមានប្រទេសថៃ និងឥណ្ឌា។

គូស​បញ្ជាក់ផងដែរថា រហូតមកទល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។

ដោយ៖ stince

Related Articles