
យោងតាមការសិក្សាដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី៥៩ ក្នុងចំណោម ១៣២ប្រទេសទាក់ទងនឹងការចំណាយលើការរស់នៅ (លេខមួយជាប្រទេសដែលមានការចំណាយខ្ពស់ជាងគេ) ។ មូលដ្ឋានសម្រាប់ចំណាត់ថ្នាក់រួមមាន ការទិញ ការចំណាយលើការរស់នៅ ការហូបចុក និងការទិញគ្រឿងបរិភោគផ្សេងៗ។

ចំណាត់ថ្នាក់របស់កម្ពុជានេះដែរគឺ ស្ថិតនៅលើប្រទេសដែលប្រជាជនមានចំណូលខ្ពស់ (GDP per Capita) ដូចជាសាធារណរដ្ឋឆែក ប៉ូឡូញ ចិន ម៉ាឡេស៊ី លីទុយអានី ស្លូវ៉ាគី និងអាហ្វ្រិកខាងត្បូង។ កាលពីប៉ុន្មានឆ្នាំមុនកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការចំណាយលើការរស់នៅទាបបំផុត នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកន្លងមក។

លោក Frederic Chan នាយកប្រតិបត្តិនៅក្រុមហ៊ុន ANG Group Property Investment & Development បានមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលទេចំពោះលទ្ធផលនៃការស្ទង់មតិនេះ។ លោកបានបន្ថែមថា វាគឺជាផលវិបាកនៃកំណើនវិនិយោគ និងការកើនឡើងនូវវត្តមានរបស់ចិននៅកម្ពុជា ដែលជាហេតុធ្វើឲ្យមានការកើនឡើងនូវថ្លៃដើមនៃការរស់នៅក្នុងទីក្រុងដែលមានប្រជាជនចិនរស់នៅច្រើនរួមមាន ខេត្តព្រះសីហនុ សៀមរាប និងភ្នំពេញ។

គូសបញ្ជាក់ផងដែរថា ស្វីសជាប្រទេសដែលមានការចំណាយខ្ពស់បំផុតក្នុងការរស់នៅ បន្ទាប់មករួមមាន ន័រវែស អ៊ីស្លង់ ជប៉ុន ដាណឺម៉ាក បាម៉ាម៉ាស(Bahamas) លុចសំបួ អ៊ីស្រាអែល សិង្ហបុរី និងកូរ៉េខាងត្បូង។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
