ដោយ៖ស្រីពេជ្រ
អ្នកណាក៏ធ្លាប់ជួបរឿងមិនសមបំណង ជួបរឿងខកចិត្តក្នុងជីវិតដែរ។ តែអ្នកមានដែលសួរខ្លួនឯងទេថា មកពីអ្វី? តើវាមកពីភាពភ័យខ្លាច និងការមិនជឿជាក់លើខ្លួនឯងមែនទេ? បើដូច្នេះមែន អ្នកគួរធ្វើតាមចំណុចមួយចំនួនខាងក្រោមនេះ វាអាចនឹងធ្វើឱ្យអ្នកកាន់តែប្រសើរឡើងមួយកម្រិតទៀត។
១) ក្រោកពីព្រលឹម
អ្នកប្រហែលជាមិនមែនជាមនុស្សដែលមានទម្លាប់ក្រោកពេលព្រឹកទេមើលទៅ ប៉ុន្តែការកំណត់ពេលវេលាបន្ថែមមុនពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយក្នុងថ្ងៃថ្មីរបស់អ្នកអាចនាំអ្នកឱ្យទទួលបានជោគជ័យ។ ទម្លាប់ពេលព្រឹកដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ ការញ៉ាំអាហារពេលព្រឹកល្អ ៗ និងរៀបចំខ្លួនអ្នកដោយការគិតរយៈពេលពីរបីនាទីដោយស្ងប់ចិត្តពិតជាអាចនាំមកនូវគុណប្រយោជន៍កាន់តែច្រើនដល់ជីវិតអ្នក។
២)បើកចិត្តឱ្យទូលាយ
មនុស្សគ្រប់គ្នាត្រូវការយោបល់ពីអ្នកដទៃ ពីព្រោះវាអាចជួយឱ្យប្រសើរឡើងនូវការគិតបែបថ្មីៗ។ដូចនេះ អ្នកគួរតែអាចបើកចតិត្តឱ្យទូលាយ ទទួលយកនូវគំនិតពីអ្នកដទៃ ទាំងមតិល្អ និងមតិមិនល្អ។ ព្រោះវានឹងបង្ហាញកាន់តែច្បាស់ថា អ្នកជាមនុស្សបែបណា។
៣)ក្លាយជាអ្នកនិយាយជាសាធារណៈ
មួយភាគធំនៃប្រជាជនជួបការភ័យខ្លាចពេលនិយាយជាសាធារណៈ។ នេះអាចជាគុណវិបត្តិយ៉ាងធំចំពោះអាជីពរបស់ពួកគេ។ ដូច្នេះដើម្បីផ្តល់ភាពជឿនលឿនដល់អាជីព អ្នកចាំបាច់ត្រូវស្ទាត់ជំនាញសិល្បៈនៃការនិយាយជាសាធារណៈ។ ប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកហើយចាប់ផ្តើមដោយការនិយាយនៅចំពោះមុខក្រុមមនុស្សតូចៗ ពេលវេលាកន្លងផុតអ្នកនឹងអាចនិយាយក្នុងចំណោមមនុស្សមនុស្សជាច្រើនបានយ៉ាងល្អ។
៤) បោះបង់រឿងដែលមិនមានប្រយោជន៍
នៅពេលដែលអ្នកប្រកាន់ខ្ជាប់នូវរឿងរ៉ាវពីអតីតកាលវាអាចជារឿងមិនល្អសម្រាប់បច្ចប្បន្នកាល វាអាចធ្វើឱ្យអ្នកមានចិត្តមិននឹងន មានការគិតបែបអវិជ្ជមាន ជាដើម។ ដូចនេះមិនថា រឿងអតីតកាល ឬសកម្មភាពមិនអំណោយផលបែបណាទេ បើធ្វើវាហើយវាមិនផ្ដល់ប្រយោជន៍ឱ្យអ្នកផង មិនគួរណាអ្នកចំណាយពេលឥតប្រយោជន៍ទទេរៗទេ។
៥) កុំពន្យារពេល
ការយកលេស ឬពន្យាពេលក្នុងការធ្វើការងារគឺជារឿងមួយដែលអ្នកមិនគួរធ្វើទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយមនុស្សជោគជ័យមិនដែលរកលេសនិងអនុវត្តភារកិច្ចដែលពួកគេមានក្នុងពេលបច្ចុប្បន្នថាត្រូវធ្វើនៅថ្ងៃនេះ ឬថ្ងៃនោះទេ។ពោល គេមិនដែលពន្យាពេលក្នុងការធ្វើការងារនៅថ្ងៃនេះទេ។
៦) ការទទួលយកកំហុស
អ្នកណាក៏ចេះខុស ហើយគ្មានអ្នកណាម្នាក់មិនធ្លាប់ខុសទេ។ប៉ុន្តែ រឿងដែលសំខាន់គឺបើដឹងខ្លួនខុសឱ្យចេះកែ កុំខុសហើយនៅបំពាន មិនទទួលយកការពិត។ ព្រោះនៅពេលដែលអ្នកទទួលយកកំហុស អ្នកនឹងទទួលបានការគោរព និងពង្រឹងការជឿទុកចិត្តរបស់អ្នកក្នុងចំណោមមិត្តរួមការងារនិងមិត្តភក្តិផងដែរ៕