ប្រជាជនចំនួន ៤៣០គ្រួសារ ដែលមានទីលំនៅបណ្ដោះអាសន្នតាមដងស្ទឹងក្នុងខេត្ដសៀមរាប ត្រូវបានផ្លាស់ប្ដូលំនៅដ្ឋានទៅកាន់ទីតាំងថ្មី ស្ថិតនៅភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនៅលើផ្ទៃដី៨៥ហិកតា។
ឯកឧត្តម ទៀត សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្រ្តីជំនាញ នៃស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងដី និងកំណត់ព្រំដីដែល នឹងត្រូវផ្តល់ជូនបងប្អូន ប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅបណ្តោះអាសន្នលើដីចំណីស្ទឹងសៀមរាប ចំនួន៤៣០ គ្រួសារនោះ។
មាត់ស្ទឹងសៀមរាបនឹងត្រូវធ្វើការកែលម្អ ឱ្យមានសោភណភាពស្រស់ស្អាត ដូចនេះអាជ្ញាធរខេត្តបាន តម្រូវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងសៀមរាប ដោយមិនស្របច្បាប់ចាប់ពីចំណុចស្ពាននាគរហូតទៅដល់ស្ពានអង្គរ ដែលមានចំនួន៤៣០គ្រួសារ ត្រូវទៅរស់នៅកន្លែងថ្មី ស្ថិតនៅក្នុងភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀម រាប ដែលមានចម្ងាយពីទីរួម ខេត្តសៀមរាប ប្រមាណជា ២២គីឡូម៉ែត្រ ដោយអាជ្ញាធរខេត្តសហការជាមួយអាជ្ញាធរជាតិអប្សរា បានផ្តល់ដីជូនពួកគាត់ ក្នុង១គ្រួសារទទួលបានដីទំហំ៣០ម៉ែត្រគុណ២០ម៉ែត្រ។
រហូតមកដល់ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបានផ្តិតមេដៃឯកភាពទទួលយកដីនេះមានចំនួន៤០៥គ្រួសារស្មើនឹង៩៤,១៨ភាគរយ ក្នុងនោះមាន២៥គ្រួសារ ពុំទាន់បានមកចូលរួមចាប់ឆ្នោតយកដីនេះនៅឡើយ។
សម្រាប់ទីតាំងដីថ្មីនេះ អាជ្ញាធរនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធការដាក់លេខឡូត៍ ការរៀបចំប្រព័ន្ធភ្លើង អណ្តូងស្នប់និងបង្គន់អនាម័យ ហើយពេលនេះក្រុមការងារសហការជា មួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន កំពុងតែចុះបោះបង្គោល ព្រំដី និងធ្វើផ្លូវខ្វាត់ខ្វែងទៅតាមគម្រោងប្លង់ដែលបានគ្រោងទុក។
ដោយ៖ Stince
ប្រភព៖ AKP
