We TV Cambodia

បែងចែកឱ្យដាច់ រវាងរបស់ចាំបាច់ និងរបស់ចង់បាន

បែងចែកឱ្យដាច់ រវាងរបស់ចាំបាច់ និងរបស់ចង់បាន

មនុស្សគ្រប់គ្នា កើតមករមែងតែងតែមានតម្រូវការគ្រប់ពេល។ យើងអាចនឹងស្ដាប់ទៅស្រដៀងគ្នា ប៉ុន្តែសម្រាប់អត្ថន័យនៃតម្រូវការទាំងពីរនេះគឺ ផ្ទុយគ្នាស្រឡះ។ ជាក់ស្ដែងតម្រូវការខ្លះ វាជាអ្វីដែលចាំបាច់ ប៉ុន្តែតម្រូវការខ្លះទៀត វាគ្រាន់តែជាអ្វីដែលយើងចង់បានតែប៉ុណ្ណោះ។ យ៉ាងណាមិញរបស់ដែលយើងចង់បាន គឺវាគ្រាន់តែកើតឡើងទៅតាមអារម្មណ៍ត្រេកត្រអាល ឬមួយឆាវតែប៉ុណ្ណោះ វាអាចជារបស់ដែលមានភាពទាក់ទាញ អង្រួនចិត្តយើងខ្លាំងគឺ ត្រូវតែយករបស់នោះឱ្យបាន។ សន្ទុះនៃការចង់បាន ជួនកាលធ្វើឱ្យយើងមិនខ្វល់ទេថាវាជារបស់ដែលមានប្រយោជន៍ គុណតម្លៃយ៉ាងណានោះឡើយ ហើយរឹតតែមិនខ្វល់ដែរថា វាជារបស់ដែលអាចប្រើបានយូរអង្វែងនោះដែរ  ហើយនៅពេលដែលយើងអាចយកវាបានហើយ យើងក៏មានអារម្មណ៍ថាស្ងប់ចិត្ត ស្កប់ស្កល់ បន្ទាប់ពីនោះ របស់នោះវាក៏ប្រែជាគ្មានតម្លៃសម្រាប់យើងទៀតដែរ ព្រោះតែវាបានបំពេញនូវតម្រូវការដែលយើងចង់បានរួចហើយ។

 

ចំណែកឯរបស់ដែលចាំបាច់ មិនថាមនុស្ស ឬរបស់ទេ ជាក់ស្ដែងណាស់គឺ វាសំខាន់ និងមានតម្លៃខ្លាំងសម្រាប់ជីវិតយើង វាក៏ជាអ្វីដែលយើងមិនអាចបាត់បង់ ឬបោះចោលបានដែរ។ ប៉ុន្តែរបស់ដែលចាំបាច់រមែងផ្ដល់ឱ្យយើងវិញនូវគុណតម្លៃ និងសារៈប្រយោជន៍ដែលអាចមានរយៈពេលយូរអង្វែង មិនមែនតែមួយឆាវនោះឡើយ។ តែគួរឱ្យស្ដាយ ពេលខ្លះមនុស្សយើងបែរជាគិតខុស ដែលបោះបង់របស់ចាំបាច់ ដើម្បីបំពេញនូវកម្សួលមួយឆាវទៅយករបស់ដែលយើងចង់បាន។


ហេតុដូចនេះហើយ មុននឹងសម្រេចចិត្តទិញ ឬបំពេញនូវតម្រូវការណាមួយ ចូរបែងចែក និងគិតឱ្យបានល្អិតល្អន់នូវរឿងទាំងពីរនេះ អ្នកត្រូវច្បាស់ថា របស់ណាដែលសំខាន់ និងចាំបាច់ ហើយរបស់ណាដែលយើងគ្រាន់តែចង់បានតាមកម្សាន្ដអារម្មណ៍។

ប្រែសម្រួលដោយ៖ ​ពិសី

Related Articles