We TV Cambodia

បើស្រឡាញ់កូន កុំតាមចិត្តកូន

បើស្រឡាញ់កូន កុំតាមចិត្តកូន

​ក្មេងអាច​ជា​ទំពាំង​មួយ​ដើម​នៅពេល​ធំ​ឡើង​នឹង​ ដុះ​ជាដើម​ឫស្សី​វៀច ឬកោង ដោយសារតែក្តីស្រលាញ់របស់ឪពុកម្តាយមួយចំនួនខ្លាំង ចំពោះកូនតូចៗធ្វើឱ្យមាន​ការទម្លាប់តាមចិត្តកូន ឬការតាមយកចិត្តកូនស្ទើរគ្រប់កាលៈទេសៈ។ អ្នកស្រី តែង សុគន្ធ វ័យ ៣១​ឆ្នាំ ជាបុគ្គលិកបម្រើក្នុងក្រុមហ៊ុនមួយកន្លែងក្នុងទីក្រុងភ្នំពេញ បានឱ្យ​ដឹងថា «រហូតដល់ពេលនេះនៅស្តាយក្រោយមិនទាន់បាត់ចំពោះទង្វើខុសឆ្គងទៅលើកូនដោយក្តី​ស្រលាញ់គឺទាំងពីរនាក់ប្តីប្រពន្ធតែងតែតាមចិត្តកូនគ្រប់ពេលវេលា ព្រោះមិនចង់ឱ្យគេមិនសប្បាយ​ចិត្តឬយំនៅពេលដែលទារចង់ទិញអ្វីមួយជាដើម ហើយរហូតដល់ពេលនេះកូនអាយុ៤ឆ្នាំហើយនៅតែ​មានទម្លាប់រឹងរូសចង់បានអ្វីគឺត្រូវតែបានតាមចិត្តរហូត»

តាមរយៈបទសោធន៍៤ឆ្នាំ​ចាប់ពីពេលកូនកើតរហូតដល់ថ្ងៃនេះ អ្នកស្រី​បញ្ជាក់​ថា «បើស្រលាញ់កូនគួរកុំបណ្តោយតាម​ចិត្តកូន ឬទុកគេដូចស្តេចក្នុងផ្ទះទង្វើនេះធ្វើឱ្យមានភាពស្តាយក្រោយដូចខ្ញុំ» រីឯ​អ្នកស្រី ញឹម ចាន់ថន វ័យ ២៨ឆ្នាំមានរបរជាអ្នកធ្វើក្រចកចល័តនៅផ្សារសុវណ្ណាបានឱ្យដឹងថា «ដោយសារតែខ្ញុំមានជីវភាពក្រីក្រចឹង ទើបខ្ញុំ បង្រៀនឱ្យកូនចេះអត់ធុន ស៊ូទ្រាំ ដែលកូនខ្ញុំមានអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែកូនរបស់​គាត់មានទម្លាប់ដូចមនុស្សធំដឹងក្តី ដោយ​ចេះ​ស្តាប់​ពាក្យ​ទូន្មាន ការ​ហាម​ប្រាម​នានា​ មាន​របៀប​​និង​ទម្លាប់​ល្អ និង​មាន​សុជីវធម៌ជាដើម។

អ្នកស្រីបានបន្តថា ហេតុនេះបើទោះបីជារវល់និងការងាររកប្រាក់យ៉ាងណាក្តី ខ្ញុំតែងតែចំណាយពេល​និយាយ បង្រៀន និងលេងជាមួយកូន ពេលគេធ្វើខុសឱ្យគេចេះទទួលកំហុស ពេលគេធ្វើត្រូវគឺ​សសើរ គឺធ្វើយ៉ាងណាកុំឱ្យកូនដឹងចិត្ត» តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ចិត្ត​វិទ្យា​របស់​សកល​វិទ្យាល័យ​អាមេរិក​ជាច្រើន​ ​បាន​ឲ្យ​ដឹងថា ការ​ធ្វើ​តាម​ចិត្ត​កូន​ពេល​គេ​នៅ​ក្មេង​រហូត​ដល់​ធំ​​ពេញ​វ័យ កុមារ​ទាំង​នោះ​មាន​អត្តចរិត​ មិន​សូវ​មាន​ការ​អត់ធ្មត់ និង​ចង់​បាន​អ្វី​គឺ​ចង់​បាន​ភ្លាមៗ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles