ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងដែនដីនគររូបនីយកម្ម បានលើកឡើងថា «បើអត់លុយ កុំទិញផ្ទះ អ្នកចង់មាន មានតែទិញដីទេ។ យោងតាមអ្នកជំនាញផ្នែកនេះ ក៏បានលើកឡើងស្រដឿងៗគ្នាផងដែរថា ប្រសិនបើចង់វិនិយោគលើអចលនទ្រព្យ ជំហានដំបូងគួរតែ
វិនិយោគលើដីធ្លីជាមុនសិន ព្រោះដីធ្លី វាមានតម្លៃធូរថ្លៃ នៅឡើយ ដែលអ្នកមានចំណូលទាបនៅអាច វិនិយោគបានខណៈបើតម្លៃផ្ទះហាក់នៅថ្លៃបន្តិចសម្រាប់ អ្នកមានចំណូលមធ្យម។ ជាមួយគ្នានេះដែរ លោក គីម ហ៊ាង អ្នកជំនាញ ផ្នែកអចលនទ្រព្យ បានធ្លាប់មានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជា ផងដែរថា ដីអាចលក់បានថ្លៃជាងផ្ទះ ប៉ុន្តែដាច់ខាតកុំខ្ចីលុយធនាគារ ដើម្បីទិញដី គួរតែទិញដីដោយប្រើលុយខ្លួនឯង ប៉ុន្តែប្រសិនបើផ្ទះ គឺយើងចំណេញ ក្នុងការរស់នៅ ហើយនៅពេលដែលយើងបង់រំលោះរួចនឹងក្លាយជារបស់យើងហើយ។
តែទោះជាយ៉ាងណា មុនសម្រេចចិត្តទិញអ្វីមួយ អ្នកគួរតែគិតលើកត្តាចរន្តសាច់ប្រាក់ ជាជាងការគិតតែពីការរំពឹង ពីការទ្បើងថ្លៃរបស់ទ្រព្យនោះ។ វាជាការពិតដែលថាទ្រព្យតែងទ្បើងថ្លៃជានិច្ចក្នុងរយៈពេលវែង តែក្នុងរយៈពេលខ្លីវាក៏អាចចុះថ្លៃបានដែរ។ ពេលដែលវាចុះថ្លៃនោះហើយ ជាពេលដែលគ្រោះថ្នាក់ សម្រាប់អ្នកដែលទិញចង់បានចំណេញពីការទ្បើងថ្លៃ។
អត្ថបទដោយ៖ ពិសី