នៅតាមបណ្ដាខេត្ដ ទីប្រជុំជន ឬតំបន់ដាច់ស្រយាល ប្រជាកសិករ ភាគច្រើន នឹងមានដីទំនេរ ដែលគិតថាមិនអាចមានលទ្ធភាពនឹងប្រកប របរ ទាញផលចំណេញបាន គួរគិតពិចារណាមើលរបរចិញ្ចឹមអន្ទង់មួយនេះ ដែលអាចផ្ដល់ផលចំណូលជាប្រចាំថ្ងៃ ហើយក៏មានអ្នកអាចធ្វើទទួលផលជោគជ័យរួចទៅហើយ។
ថ្មីៗនេះ បើយោងតាមការចុះផ្សាយផល គណនីហ្វេសប៊ុក របស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែករំលែកឲ្យឃើញថា មាន កសិដ្ឋានវារីវប្បកម្មអន្ទង់ របស់លោក ថូ វណ្ណា ស្ថិតនៅភូមិ ក្តីត្នោត ឃុំ ស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចិញ្ចឹមអន្ទង់រយៈពេល ១០ ឆ្នាំមកហើយ ដែលកសិដ្ឋានគាត់មានអាងចំនួន ៣៥អាង ចែកចេញអាងអន្ទង់បំប៉នយកសាច់ចំនួន ២៥អាង និងអាងថែទាំកូនពូជចំនួន ១០អាង ដោយនៅក្នុងអាងនិមួយៗដាក់កូនពូជចិញ្ចឹមចំនួន ១៥០គីឡូក្រាម ស្មើនឹង ១៥០០ក្បាល-២០០០ក្បាល/អាង ដែលកូនពូជបានមកពីអន្ទង់ធម្មជាតិទិញប្រមូលបានពីប្រជានេសាទ យកមកចិញ្ចឹមបំប៉នដោយប្រើចំណីផ្សំក្នុងរយះពេល ៦-៧ ខែទើបអាចលក់បានម្យ៉ាងនៅពេលដែលតម្រូវការទីផ្សារមានតម្លៃខ្ពស់កសិដ្ឋានអាចនិងលក់បន្តិចម្តងៗតាមការបញ្ជារទិញរបស់អតិថិជនជាក់ស្តែងទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ។ ចំពោះលទ្ធផលនៃការប្រមូលផលក្នុងការចិញ្ចឹមអន្ទង់គឺមួយឆ្នាំលក់បានប្រមាណ ៥តោន។ ទន្ទឹមនឹងការធ្វើវារីវប្បកម្មនេះ លោក ថូ វណ្ណា បាន ចែករំលែកបទពិសោធន៍ បច្ចេកទេស ក្នុងការចិញ្ចឹមអន្ទង់ដល់កសិករដ៏ទៃទៀតដែលមានបំណងចង់ចិញ្ចឹមផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ ដោះស្រាយជីវភាពរស់នៅ និងបង្កើនស្បៀងក្នុងខ្សែចង្វាក់ផលិតកម្មវិស័យកសិកម្ម។
ឆ្លងតាមបទពិសោធន៍ការចិញ្ចឹមអន្ទង់នេះកន្លងមក កសិដ្ឋានរបស់គាត់បានបន្តចិញ្ជឹមរហូតមកជាមួយនឹងការទទួលបានជោគជ័យរៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលខ្ពស់ល្អប្រសើរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិផលក្នុងស្រុក ជាពិសេសចូលរួមបង្កើនផលិតកម្មស្បៀងក្នុងការងារវិស័យកសិកម្ម ។
ដោយ៖ Stince
ប្រភព៖ ឯកឧត្ដម វេង សាខុន